ប៊ី សុធារី សម្ញែងសាច់ខ្នងទាក់ទាញអស់ស្ទះ មុនឡើងឆាកប្រកួត Miss Charm នៅវៀតណាម
មកដល់ពេលនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Charm International 2021 បានពន្យាពេលម្ដងហើយម្ដងទៀតដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមមិនទាន់ធូរស្រាលនៅឡើយ ធ្វើឱ្យបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗដែលជាបេក្ខភាពចូលរួមប្រកួតក្នុងកម្មវិធីខាងលើ ត្រូវបន្តត្រៀមលក្ខណៈឱ្យកាន់តែខ្លាំង ដើម្បីរង់ចាំឱកាសដណ្ដើមមកុដជ័យលាភីលេខ ១ នោះមកដល់។
ក្នុងកំឡុងពេលត្រៀមខ្លួនដើម្បីចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិជាថ្មី កញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ហាក់ចាប់ក្រសែភ្នែកក្រឡេកទៅមើលរូបនាងប្រកបដោយការជញ្ជក់មាត់សរសើរពីសម្រស់ បន្ទាប់ពីស្រីស្អាតរាងខ្ពស់ស្រឡះរូបនេះ ស្លៀកឈុតរ៉ូបផ្កាដៃមួយសរសៃសម្ញែងសាច់ខ្នងសខ្ចីដូចបណ្ដូលចេក មើលទៅសិចស៊ី ទាក់ទាញខ្លាំងបំផុត។
សឹងតែគ្រប់ពេលដែលកញ្ញា ប៊ី សុធារី រំលេចខ្លួនជាមួយសម្លៀកបំពាក់បែបសិចស៊ីបញ្ចេញសាច់ម្ដងៗ ធ្វើឱ្យមហាជនកាន់តែរំពឹងខ្ពស់ទៅលើរូបនាងថាអាចនឹងឈានចូលទៅដល់វគ្គ Top ជាក់ជាមិនខាន ព្រោះ ប៊ី សុធារី មានទាំងព្រម មិនថាសម្រស់ សមត្ថភាព ចំណេះដឹង បទពិសោធលើឆាកប្រកួតអន្តរជាតិនេះទេ។
គួរឱ្យដឹងថា មុនឈានទៅដល់ការប្រកួតកម្មវិធី Miss Charm International 2021 ក្នុងពេលខាងមុខ កញ្ញា ប៊ី សុធារី ក៏ធ្លាប់បានឆ្លងកាត់ឆាកប្រកួតអន្តរជាតិចំនួន ៥ រួចមកហើយដែរ ដោយក្នុងកម្មវិធីលំដាប់អន្តរជាតិទាំងនោះ បវរកញ្ញាតំណាងឱ្យកម្ពុជាដ៏ស្រស់ស្អាតរូបនេះ ក៏ធ្លាប់ដណ្តើមបានពានរង្វាន់ទៀតផង៕