Mint ចេញមុខបកស្រាយ ដោយឥតលាក់លៀម រឿងមូលហេតុធ្វើជាអ្នកដឹកនាំរឿងបុរសស្រឡាញ់បុរស
ប្រិយមិត្តយើងភាគច្រើនមុខជាបានស្គាល់ច្បាស់រួចមកហើយកំពូលតារាសម្ដែងស្រីវ័យក្មេង Mint Chalida ដែលជាតារាស្រីម្នាក់ ពោរពេញដោយសមត្ថភាព ថែមទាំងមានរូបរាងស្រឡូនស្អាត និយមតែងខ្លួនសិចស៊ីបែបទាន់សម័យ ជាពិសេសនាងគឺជាតារាគ្រាប់ពេជ្ររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។
ទន្ទឹមនឹងសមត្ថភាពដ៏ល្អ ថ្មីៗនេះ Mint បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយពេលនាងបានបង្ហាញស្នាដៃដឹកនាំរឿងជាលើកដំបូង ថែមទាំងជារឿងប្រភេទបុរសស្រឡាញ់បុរស ឬ គេនិយមហៅថា ( BL ) ទៀត ដោយរឿងនោះមានចំណងជើងថា « My Secret Love The Series » ដែលត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះ។
ជាមួយនឹងការក្ដាប់បានឱកាសជាអ្នកដឹកនាំរឿងក្នុងវ័យ ២៨ ឆ្នាំនេះ Mint បានទម្លាយអារម្មណ៍រំភើបសប្បាយរីករាយ និង មូលហេតុដែលជ្រើសរើសការដឹកនាំរឿង BL ថា៖ «តាមពិតទៅ នាងបានត្រៀមការងារនេះមករយៈពេលកន្លះឆ្នាំមកហើយ ចាប់ផ្ដើមតាំងតែចុងឆ្នាំមុនមកម៉្លេះ ហើយសម្រាប់មូលហេតុដែលនាងជ្រើសរើសរឿងប្រភេទ BL ក៏ព្រោះតែនាងចង់ឱ្យយុវ័យទទួលបានចំណីអារម្មណ៍សប្បាយៗ បែបក្មេង ដែលជាការពេញនិយមសម្រាប់យុវ័យបច្ចុប្បន្ន។ មួយវិញទៀត រឿង BL ខណៈនេះ កំពុងតែមានទីផ្សារ ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនច្រើនផង»។
ដោយឡែក បើងាកទៅមើលមហាជនហាក់សម្ដែងការកោតសរសើរណាស់ចំពោះ Mint ដែលនាងនៅក្មេងសោះ តែមានសមត្ថភាពពេញខ្លួន មិនថាធ្វើជាតារាសម្ដែង ឬ អ្នកដឹកនាំរឿងឡើយ៕