មិនចប់ទេ! អ្នករួមទូកជាមួយ Tangmo ម្នាក់ ត្រូវគេពិនិត្យរកឃើញមានសារជាតិថ្នាំ.សម្រើបផ្លូវភេទ
មហាជនអ្នកគាំទ្រ ហាក់នៅតែមិនអស់ចិត្ត ក៏ដូចជានៅតែតាមដានចង់ដឹងពីរឿងក្តី Tangmo ដដែល បើទោះបីជាប៉ូលិសបានថ្លែងសារបិទរឿងក្តីនេះតាំងពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅក៏ដោយ។
យ៉ាងណាមិញ ក្រោយបញ្ចប់ក្តី ខាងប៉ូលិសក៏បានបញ្ចូនភស្តុតាងផ្ញើទៅកាន់អយ្យការផងដែរ ហើយគេក៏បានឱ្យប៉ូលិសទៅបន្តសាកសួរពាក់ព័ន្ធនឹងរឿងក្តីនេះ ចំនួន ២០ ចំណុចផ្សេងៗថែមទៀតផង។ ជាពិសេសថ្មីនេះៗ ខាងអយ្យការក៏បានកោះហៅក្រុមគ្រូពេទ្យ ដែលកាន់កាប់ខាងពិនិត្យវះកាត់សាកសព Tangmo ចូលមកជួបទៀត។
ដោយឡែក អ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មានប្រភពមួយបានទម្លាយឱ្យដឹងថា តាមរយៈលទ្ធផលការពិនិត្យឈាមរបស់ក្រុមអ្នករួមទូកទាំង ៥ នាក់ជាមួយនឹង Tangmo បានឱ្យដឹងថា ម្នាក់ក្នុងចំណោម ៥ នាក់ដែលបានរួមដំណើរនៅលើទូក មានឈាមផ្ទុកទៅដោយសារជាតិថ្នាំសម្រើបផ្លូវភេទថែមទៀតផង។
យ៉ាងណាមិញ គេក៏បានឱ្យដឹងទៀតថា ក្នុងចំណោមបុគ្គលទាំង ៥ នៅលើទូកនោះ ត្រូវបានគេយកទឹកនោមទៅពិនិត្យចំនួន ៣ នាក់ និង យកឈាម ព្រមទាំងទឹកនោម ១ នាក់ ប៉ុន្តែម្នាក់ទៀត បានប្រកែកមិនព្រមឱ្យមានការត្រួតពិនិត្យអ្វីឡើយ។
ចំណែកឯមហាជនអ្នកគាំទ្រ ក៏ហាក់ងាកមកចាប់អារម្មណ៍ជាមួយនឹងក្តីនេះម្តងទៀតជាថ្មីផងដែរ ក្រោយពីដឹងព័ត៌មាននេះ ហើយគេក៏សង្ឃឹមថាវានឹងអាចរកឃើញការពិតឆាប់ៗនេះដូចគ្នា៕