ផ្ទុះសង្គ្រាមពាក្យសម្ដីជាថ្មីរវាងអ្នកគាំទ្រ បន្ទាប់ពីឃើញ Alek និង Bow ធ្វើរឿងនេះជាមួយគ្នា
ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា គូស្នេហ៍តារាប្រុសស្រីក្នុងស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៣ ថៃ លោក Alek Teeradetch និង តារាស្រី Bow Maylada កាន់តែផ្អែមល្ហែមឡើងៗ រហូតនាំឱ្យមហាជនលាន់មាត់សរសើរពីសម្ពន្ធភាពមិនដាច់ឡើយ។
ជារឿយៗ គូស្នេហ៍ថ្មីថ្មោងមួយគូនេះតែងតែបានបង្ហាញភាពស្វីតៗ ស្អិតល្មួតជាមួយគ្នា លើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមមករហូត។ តួយ៉ាង កាលពីពេលថ្មីៗ នេះ ក្រោយតារាស្រី Bow បង្ហោះរូបភាពមុខម្ហូបអាហារពេលល្ងាចលើគណនីរបស់ខ្លួន ស្រាប់តែគេឃើញតារាប្រុស Alek បានចូលទៅបញ្ចេញមតិលែបខាយពាក្យសម្ដីស្នេហា ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួន អៀនជំនួស។
ដោយឡែក ជាមួយនឹងពាក្យអួតសរសើរពីទំនាក់ទំនងដ៏ផ្អែមល្ហែម នេះគេក៏ឃើញមានមហាជនមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់ចំពោះ តារាប្រុស Alek ផងដែរថា ជាមនុស្សមិនល្អ បន្ទាប់ពីតារាប្រុស Alek បានបើកបារ និង ហាងលក់ម្ហូប ដែលមានការប្រើប្រាស់ស្លឹកកញ្ឆា ហើយនេះជាទង្វើមួយដែលពួកគេចាត់ទុកថា តារាប្រុស Alek បានរកស៊ីទីផ្សារងងឹត។
មតិរិះគន់ជាច្រើនបានតិះដៀលទៅកាន់តារាប្រុស Alek តែក្នុងនោះគេក៏ឃើញ មានហ្វេនៗរបស់តារាប្រុសរូបនេះចូលទៅតទល់គ្នាទៅវិញដូចគ្នា រហូតធ្វើឱ្យគណនីអ៊ីនស្ត្រាក្រាមតារាស្រី Bow ស្ទើរតែក្លាយជាសមរភូមិសង្គ្រាមពាក្យសម្ដីទៅហើយ៕