វ៉ាវ! ឈុតរៀបការរបស់ Bright មួយឈុតនេះ មានបង្កប់ន័យជ្រាលជ្រៅនឹកស្មានមិនដល់
កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានសេចក្ដីរំភើបចិត្តជាខ្លាំង ដោយគូស្នេហ៍តារាប្រុស Tor Saksit និង អ្នកសារព័ត៌មានស្រីល្បីឈ្មោះ Bright បានកាន់ដៃគ្នាចូលរោងការតាមប្រពៃណី បន្ទាប់ពីទាក់ទងគ្នាជាង ១០ ឆ្នាំមក។
ថ្ងៃដ៏ពិសេស និង អធិអធមសម្រាប់ស្វាមីភរិយាថ្មីថ្មោង គេឃើញថាមានភ្ញៀវកិត្តិយស ព្រមទាំងមិត្តៗអ្នកសិល្បៈល្បីៗជាច្រើនដួងបានចូលរួម ដែលនាំឱ្យកម្មវិធីកាន់តែសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម។ ជាមួយគ្នានោះ បើងាកទៅមើលតារាស្រី Bright វិញ បានគ្រងនូវឈុតកូនក្រមុំយ៉ាងស្រស់ស្អាត នាំឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។
ដោយឡែក អ្វីកាន់តែពិសេស មហាជនប្រហែលមិនបានដឹងទេថា ឈុតកូនក្រមុំមួយឈុតដែល Bright ស្លៀកនៅក្នុងពិធីនេះ វាមិនមែនត្រឹមតែជាឈុតកូនក្រមុំធម្មតាឡើយ តែវាជាឈុតដែលច្នៃចេញពីសូត្រថៃដ៏ល្អប្រណីតប្រចាំខេត្តសុរិនតែម្តង។ លើសពីនេះទៅទៀត មួយឈុតនេះក៏មានការចូលរួមពីប្រជាជនសុរិនចំនួន ២ ភូមិឯណោះ ដែលបានរួមកម្លាំងកាយចិត្តជាមួយគ្នា និង ធ្វើឡើងដោយប្រើបេះដូងពិតៗ ក្នុងការច្នៃវាឡើង។
មួយវិញទៀត Bright ក៏បានទម្លាយថា មូលហេតុដែលដែលនាងសម្រេចចិត្ត និង ជ្រើសយកសូត្រថៃ យកមកពាក់ក្នុងថ្ងៃមង្គលការ ព្រោះវាជាបំណងប្រាថ្នារបស់ម្តាយនាង និង ជាអ្វីដែលម្តាយនាងស្រឡាញ់ពេញចិត្ត ចង់ឃើញនាងស្លៀកវាក្នុងថ្ងៃពិសេស៕