អាយុ ៣៨ ឆ្នាំហើយ Tui ស្រាប់តែបោះសម្តីថាមិនចង់រៀបការ មិនចង់មានកូន ព្រោះតែហេតុនេះ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាប្រុស Tui Kiatkamol ជាតារាសម្តែងប្រុសមានប្រជាប្រិយភាពមួយរូបនៅក្នុងពិភពសិល្បៈថៃ។ អ្វីដែលសំខាន់បើទោះបីជាលោកមានអាយុជិត ៤០ ឆ្នាំ ហើយក៏ដោយ តែលោកនៅតែក្តោបក្តាប់បានទីផ្សារសិល្បៈនៅក្នុងដៃស្ទើរមិនរំលងឡើយ។
លើសពីនេះទៅទៀត បើងាកមកមើលពីជីវិតឯកជនរបស់លោកពេលនេះវិញ ឃើញថាលោកហាក់មិនអើពើរឿងរៀបការនឹងគេសោះ ខណៈមិត្តភក្តិស្រករលោកគេរៀបការមានកូនពេញផ្ទះហើយនោះ។
យ៉ាងណាមិញ បន្ទាប់ពីម្នាក់ៗចង់ឃើញលោកមានដំណឹងល្អ ពោលគឺចង់ឃើញលោករៀបការនោះ មានអីស្រាប់តែតារាប្រុសមុខស្រស់រូបនេះបានចេញមុខនិយាយដោយមិនលាក់លៀមថា ៖ «ពីមុនលោកតែងប្រាថ្នាជីវិតគូ តែពេលមកដល់ចំណុចនេះលោកប្រែប្រួលចិត្ត ពោលគឺមិនចង់រៀបការមានកូនទេពេលនេះ ហើយនិយាយបែបនេះមិនមែនលោកមិនឱ្យតម្លៃមនុស្សស្រីនោះទេ តែព្រោះដោយសារលោកឃើញគូស្នេហ៍ ឬ ប្តីប្រពន្ធជាច្រើនគូរៀបការហើយនៅតែបែកគ្នា ឬ អាចនិយាយបានថា ព្រោះតែលោកមិនចង់មានកូនទើបធ្វើឱ្យលោកមានអារម្មណ៍បែបនេះក៏ថាបាន»។
បន្ទាប់ពីបានឮដូច្នេះ មហាជនអ្នកគាំទ្ររបស់លោកស្ទើរតែធ្លាក់ថ្លើម ដោយមិននឹកស្មានថាមកទល់អាយុជិត ៤០ ឆ្នាំហើយ លោកបែរជាមិនប្រាថ្នាជីវិតគូទៅវិញ៕