ហ្វេនៗនាំគ្នាចាក់ឆ្នោតលាន់ ក្រោយ Chompoo ទម្លាយរឿងមួយរបស់ Abigail កូនស្រីសំណព្វ ក្នុងវ័យ ១ ខែ
ធ្មេចបើកៗសោះ បើគិតៗទៅអស់រយៈពេលជាងមួយខែទៅហើយ ដែលកំពូលតារាស្រី Chompoo Ariya បានស្វាគមន៍វត្តមានកូនស្រីពៅសំណព្វចិត្ត Abigail ក្នុងនោះ មហាជនអ្នកគាំទ្រទាំងឡាយក៏សប្បាយចិត្តមិនតិចនោះដែរ។
យ៉ាងណាមិញ ស្រីតូច Abigail ក៏បានធំធាត់ៗពីមួយថ្ងៃទៅមួយថ្ងៃហើយ មុខមាត់ក៏កាន់តែប្លែកទៅៗ គឺរឹតតែតែគួរឱ្យស្រឡាញ់ ហើយអ្នកម្តាយ និង ឪពុក ជាពិសេសបងប្រុសទាំងពីរក៏ហាក់ស្រឡាញ់ស្ទើរលេបប្អូនស្រីរូបនេះទៅហើយ ដោយគេតែងតែនៅបីបមឱបថើបមិនដែលបាត់ឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ Chompoo ក៏បានអបអរសាទរគម្រប់ខួបមួយខែរបស់ Abigail ផងដែរ ដោយធ្វើជាពិធីជប់លៀងតូចមួយជាមួយគ្រួសារយ៉ាងកក់ក្តៅ ហើយនាងក៏បាននាំកូនស្រីទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យទៀតផង។
ក្នុងនោះ Chompoo ក៏បានទម្លាយរូបភាពរបស់ Abigail ខណៈនៅលើជញ្ជីងថ្លឹង ព្រមជាមួយនឹង Caption ថា ៖ «លេខដែលចេញគឺ ៤.៣៦៦» ដែលលេខនេះ គឺជាលេខទម្ងន់របស់ Abigail នោះឯង។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រមួយចំនួន ក្រោយពីឃើញលេខនេះហើយ អ្នកខ្លះក៏គិតថាជាលេខសំណាង ក៏នាំគ្នាយកទៅទិញឆ្នោតតាមព្រាតតែម្តង៕