ក្រោយផ្ទុះរឿង Matt ចេញពីក្រុម ស្រាប់តែពេលនេះនាងដឹកដៃគូស្នេហ៍ ទៅធ្វើរឿងមួយជម្រះមន្ទឹល
ប្រិត្តមិត្តប្រាកដជាបានជ្រាប និង ស្គាល់មកហើយពីក្រុម «Gang Furby» របស់ថៃដែលរួមមានតារាស្រី Matt , Mew , Taew , Toey និង Mint ជាមិត្តសម្លាញ់នឹងគ្នានៅក្នុងក្រុម។ ក្នុងនោះដែរ ឃើញថា បើទោះបីជាមិត្តក្នុងក្រុមខ្លះបានរៀបការរួចមកហើយក៏ដោយ តែសម្រាប់មិត្តភាពរបស់អ្នកទាំង ៥ នាក់ ហាក់មិនប្រែប្រួលឡើយ ពោលគឺស្និទ្ធស្នាល និង ស្រឡាញ់គ្នាដូចដើម។
ជាក់ស្តែង កាលពីពេលកន្លងទៅ មហាជនបែរជាផ្ទុះការសង្ស័យថា ក្រុមមិត្តសម្លាញ់បែកបាក់គ្នា ពោលគឺសង្ស័យទៅលើ តារាស្រី Matt Peranee ថានាងបានចាកចេញពីក្រុម «Gang Furby» ក្រោយនាងមិនសូវបង្ហាញសកម្មភាពផ្សេងៗនៅក្នុងក្រុម។
ខណៈពេលមហាជនលើកឡើងបែបនេះ តារាស្រី Matt ហាក់មិនខ្វាយខ្វល់ ឬ ចេញមុខបកស្រាយច្បាស់ៗនោះដែរ តែនាងបែរជាបង្ហាញ និង ជម្រះមន្ទឹលសង្ស័យរបស់មហាជន ដោយប្តូរមកជាការបង្ហោះរូបភាពរបស់នាងកាន់ដៃគូស្នេហ៍ទៅជួបជុំញុំាអីជាមួយក្រុមមិត្តសម្លាញ់ Mew និង ស្វាមីហាយសូ ព្រមជាមួយតារាស្រី Mint Chalida និង មិត្តភក្តិប្រុសម្នាក់ទៀតទៅវិញ។
ជុំវិញរូបភាពនោះនាងហាក់ចង់បង្ហាញថា ទំនាក់ទំនងរវាងក្រុមមិត្តទាំង ៥ មិនមានបញ្ហានោះទេ បើទោះបីជាពេលនេះមិត្តទាំង ៥ មិនបានមកជុំគ្នាក៏ដោយ តែពួកគេជួបជុំគ្នាដោយស្នាមញញឹម និង រីករាយតែម្តង៕