Gun Naphat ប្រកាសចង់រកអ្នកស្អំបេះដូង ក្រោយបែកតារាស្រី Marie ទើបបានជាង ៣ ខែ
ជឿជាក់ថាប្រិយមិត្តភាគច្រើនមុខជាបានជ្រាបមកហើយ កាលពីដើមឆ្នាំ ២០២២ តារាចម្រៀងរូបសង្ហាវ័យ ៣១ ឆ្នាំ លោក Gun Naphat បានប្រកាសបញ្ចប់ចំណងស្នេហាជាមួយតារាស្រី Marie Broenner ក្រោមហេតុផលមិនចុះសម្រុងគ្នា។
បន្ទាប់ពីប្រកាសបែកគ្នាជាសាធារណៈរួចមក គេសង្កេតឃើញថាតារាប្រុសរូបនេះ ហាក់ងាកផ្តោតទៅលើរឿងការងារតែម្យ៉ាង ហើយក៏មិនសូវចេញមុខមាត់តាមកម្មវិធីផ្សេងៗដូចមុននោះឡើយ។
យ៉ាងណាមិញ រំលងទៅជាង ៣ ខែ Gun ក៏បានចេញមុខប្រកាសថា ៖ «ចង់មានអ្នកស្អំបេះដូង ចង់មានស្នេហាជាថ្មីម្តងទៀត ចំពោះស្ថានភាពបេះដូងនាពេលបច្ចុប្បន្ននេះគឺ នៅទំនេរដដែលបាទ។ ខ្ញុំព្រមទទួលស្គាល់ថាខ្ញុំចង់មានស្នេហាថ្មី ចង់មានមនុស្សដែលដើរចូលមកក្នុងជីវិត ហើយគិតពីរឿងអនាគតជាមួយគ្នា ដោយសារអាចមានមនុស្សមួយចំនួនក៏បានឃើញព័ត៌មានកន្លងទៅនេះ ហើយក៏មានខ្លះចេញមកនិយាយមិនល្អពី Gun ដែលភាគច្រើនគេអាចគិតថា Gun ជាមនុស្សមិនល្អ។ យ៉ាងណាខ្ញុំក៏ចង់ប្រាប់ថា អាចសាកល្បងចូលមកស្គាល់ខ្ញុំដោយខ្លួនឯងវិញ ថាល្អមិនល្អ ព្រោះពេលនេះគឺខ្ញុំព្រមបើកបេះដូង ត្រៀមខ្លួនផ្តើមជាថ្មីគ្រប់ពេល»។
«ចំពោះរឿងអត្តចរិតអីនោះ គឺមិនមានប្រកាន់ ឬ គិតច្រើនអ្វីទេ សុំឱ្យតែជាមនុស្សដែលអាចទទួលយកខ្ញុំបាន ទាក់ទងគ្នាបាន ហើយស្រឡាញ់គ្នាទៅវិញទៅមក និង ស្រឡាញ់គ្រួសារ គ្រប់គ្រាន់ហើយ។ បច្ចុប្បន្នក៏មានមនុស្សដែលនិយាយ ពិគ្រោះទៅវិញទៅមកពេលខ្លះ តែគឺក្នុងឋានៈជាមិត្តភក្តិប៉ុណ្ណោះ»៕