ទម្លាយប្រវត្តិម្ចាស់មកុដ MGT ២០២២ ទាំងស្អាត និង មានសមត្ថភាព ឯគ្រួសារវិញសុទ្ធតែដើរលើវិស័យមួយនេះ
កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រទេសថៃបានរកឃើញម្ចាស់ដំណែង MGT ២០២២ របស់ខ្លួនហើយ គឺបានទៅលើស្រីស្រស់ Engfa Waraha ដែលជាបវកញ្ញាតំណាងឱ្យក្រុងទេពមហានគរ។
ម្ចាស់ដំណែង MGT ២០២២ ឆ្នាំនេះ ពិតជាបានធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង ព្រោះទាំងរូបសម្រស់ និង អត្តចរិត ព្រមទាំងប្រវត្តិរបស់នាង គឺពិតជាល្អមិនធម្មតាឡើយ។ ដោយឡែក បើតាមព័ត៌មានបានឱ្យដឹងថា Engfa Waraha បវរកញ្ញាវ័យ ២៧ ឆ្នាំរូបនេះ មានទីកន្លែងកំណើតនៅខេត្តអ៊ុតថៃថានី ប្រទេសថៃ ហើយនាងថែមទាំងបានទទួលការឧបត្ថម្ភពីមហាក្សត្រថៃ ក្នុងការបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Valaya Alongkorn Rajabhat ថែមទៀតផង។
ចំណែកក្រុមគ្រួសាររបស់នាងវិញ គឺសុទ្ធតែជាអ្នកចម្រៀង និង តន្ត្រី នាងមានឪពុកជាអ្នកកាន់អ័កក្នុងវង់តន្រ្តី ឯអ្នកម្តាយវិញ ជាអ្នកចម្រៀងសម័យដើម។ ដោយហេតុនេះហើយ ទើបធ្វើឱ្យនាងបានចាប់ផ្តើមរៀនច្រៀងតាំងពីនៅអាយុ ៦ ឆ្នាំមកម្ល៉េះ ដោយមានអ្នកម្តាយជាអ្នកបង្រៀនផ្ទាល់។
ក្រោយឆ្លងកាត់ការបង្រៀនលុតដំ សមត្ថភាពការច្រៀងរបស់ Engfa Waraha កាន់តែពីរោះ ធ្វើឱ្យនាងបានទៅចូលរូមប្រឡងក្នុងកម្មវិធីជាច្រើន កាលនោះនាងក៏មានក្តីស្រមៃចង់ក្លាយជាតួឯកយីកេ ឬក៏អ្នកចម្រៀងបុរាណផងដែរ ហើយនាងក៏បានសម្រេចវាពិតមែននៅក្នុងវ័យជំទង់ គឺក្លាយជាអ្នកចម្រៀងបុរាណ។
លើសពីនេះទៅទៀត នាងក៏ត្រូវបានគេចាប់ផ្តើមស្គាល់ច្រើនបំផុត ដោយសារតែវត្តមាននៅក្នុងកម្មវិធី The Voice Thailand ២០១៨ ចំណែកក្នុងឆ្នាំ ២០២០ នាងធ្លាប់បានចូលប្រកួតក្នុងវេទិកា MGT ម្តងហើយ ដោយតំណាងឱ្យខេត្តសុផាន់បុរី តែត្រូវដកខ្លួនមកវិញ ហើយក៏ចូលប្រឡងម្តងទៀត រួចក៏បានស្រវាដំណែងតំណាងឱ្យក្រុងទេព រហូតបានមកគ្រងដំណែងមកុដ MGT ២០២២ បែបនេះ៕