ទីបំផុត! Pancake កំពុងត្រៀមប្រកាសដំណឹងល្អហើយ អ្នកគាំទ្ររំភើបចិត្តចង់ហោះ
បើនិយាយដល់ចំណងស្នេហ៍របស់តារាសម្ដែងស្រី Pancake Khemanit ជាមួយនឹងហាយសូរ ដែលមានតួនាទីជាមន្ត្រីអធិការមួយរូបប្រចាំប្រទេសថៃ រយៈពេល ១០ឆ្នាំមកហើយ សម្រាប់គូស្នេហ៍របស់អ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏ផ្អែមល្ហែមបំផុតដែលរក្សាក្តីស្រឡាញ់មានចំពោះគ្នាអស់រាប់ឆ្នាំ។
មួយរយៈចុងក្រោយនេះ គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្រមានចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពី Pancake បានបង្ហើបអំពីគម្រោងរៀបការរបស់នាងជាមួយនឹងគូស្នេហ៍។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រក៏បានតាមដានរាល់សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន អំឡុងខែមេសា Pancake នឹងលោកអធិការរូបសង្ហា បាននាំគ្នាទៅកាត់ឈុតសម្លៀកបំពាក់ ដែលត្រូវគេស្គាល់ថាជា ហាង Finale Wedding Studio ជាហាងកាត់ឈុតរៀបការ និង រៀបចំកម្មវិធីល្បីឈ្មោះមួយប្រចាំប្រទេសថៃ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែបានឃើញនៅលើ Instagram របស់តារាស្រីរូបនេះ បង្ហោះរូបភាពកូនខ្លាឃ្មុំ Teddy មួយគូស្លៀកឈុតរៀបការ ដោយមានភ្ជាប់ជាមួយនឹងរូបស្ទីគ័រកូនក្រមុំកូនកំលោះ ដែលនៅចុងឆ្នាំនេះអាចនឹងមានការប្រារព្ធពិធីខួបស្នេហា ១០ឆ្នាំរបស់ពួកគេ ហើយក៏អាចនឹងជាដំណឹងល្អអំពីមង្គលការផងដែរ។
ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញការបង្ហោះរបស់តារាស្រីរូបនេះ នៅលើ Instagram ភ្លាម បានធ្វើឱ្យមិត្តរួមអាជីពក្នុងសិល្បៈ និង អ្នកគាំទ្របានចូលរួមអបអរសាទរជាច្រើន។ ហើយពិធីមង្គលការនឹងរៀបការឡើងនៅពេលណា រង់ចាំ Pancake ប្រកាសបញ្ជាក់ម្ដងទៀត៕