រកឃើញហើយ! ម្ចាស់មកុដ MGT ឆ្នាំ ២០២២ បានទៅលើបវរកញ្ញា Engfa Waraha
បវរកញ្ញា Engfa Waraha បាននាំមកនូវភាពស្រស់ស្អាត បូករួមនឹងភាពជាក់ជឿ ទាំងការដើរបង្ហាញម៉ូត និង សមត្ថភាពឆ្លើយសំនួរគ្រប់ជុំបានយ៉ាងល្អឥតខ្ចោះ ក្នុងកម្មវិធីប្រកួត Miss Grand Thailand ឆ្នាំ ២០២២។ រហូតដល់នាងទទួលបានជោគជ័យ និងអាចដណ្តើមបានមកុដមាស 24k ដាំត្បូងពេជ្រសុទ្ធយ៉ាងភ្លឺចែងចាំង លើឆាកប្រកួតដ៏អស្ចារ្យនៃខួប ១០ឆ្នាំរបស់ «Miss Grand Thailand» ជាមួយនឹងតំណែង «Miss Grand Thailand លើកទី ១០» របស់ប្រទេសថៃ ឬ តំណែង «Miss Grand Thailand ឆ្នាំ២០២២» ដោយជោគជ័យ។
សម្រាប់ Engfa Waraha បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ គឺមានស្រុកកំណើតនៅខេត្ត Uthai Thani មានកម្ពស់ ១.៧០សង់ទីម៉ែត្រ បានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Valaya Alongkorn Rajabhat។ តាំងពីអាយុ ៧ឆ្នាំ នាងបានចូលប្រកួតច្រៀងក្នុងកម្មវិធីប្រឡងដើម្បីរកប្រាក់ជួយគ្រួសារ។ ហើយកាលពីមុន Engfa ធ្លាប់មានអាជីពជាអ្នកគ្រូពេទ្យផងដែរ។
លើសពីនេះ នាង ក៏ធ្លាប់ជាបេក្ខជនប្រឡងចម្រៀងផងក្នុងកម្មវិធី The Voice Thailand ឆ្នាំ ២០១៨ ហើយបច្ចុប្បន្ន នាងក៏ជាតារា Tik Tok ដ៏ល្បីមួយរូបផងដែរ ជាមួយនឹងអ្នកតាមដានច្រើនជាង ១ លាននាក់ រួមទាំងនៅលើ Instagram ដែរ។
យ៉ាងណាមិញ Engfa Waraha នឹងចូលរួមប្រកួត និង ហាត់សមត្រៀមតំណាងឱ្យស្រីស្អាតមកពីប្រទេសថៃ ទៅប្រកួតលើឆាកអន្តរជាតិធំ «Miss Grand International ឆ្នាំ ២០២២» នៅថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕