អបអរ! ម្ចាស់បទ «ដឹងទេថានឹក» KDo ដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ
ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀងច្បាស់បានស្គាល់ហើយ តារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាព KDo នៅក្នុងក្រុមចម្រៀង P-Sand ដែលជាម្ចាស់បទ «ដឹងទេថានឹក» ជាបទចម្រៀងមួយបទផ្ទុះការគាំទ្រខ្លាំងពីមហាជន។
ម៉្យាងវិញទៀត តារាចម្រៀងរូបនេះ ក៏ត្រូវបានអ្នកមហាជនគាំទ្រ ចាប់អារម្មណ៍ជាមួយជីវិតឯកជនរបស់លោកផងដែរ ជាពិសេសជីវិតស្នេហារបស់លោក ដែលកាលពីកន្លងទៅ លោកបានបង្ហាញមុខគូស្នេហ៍ដ៏ស្រស់ស្អាត និង ថត Pre-Wedding ត្រៀមរៀបការជាមួយគ្នា។
ដោយឡែក មកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ នេះ លោក KDo បានធ្វើឱ្យអ្នកគាំទ្ររំភើបជំនួស និង សាទរដល់រូបលោកគ្រប់គ្នា ក្រោយពីទទួលដំណឹងថា ថ្ងៃនេះលោកបានដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ។
នេះបើតាមបណ្ដាញសង្គមរបស់ លោក KDo បានរៀបរាប់ថា ៖ «សូមគោរព ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក អ្នកនាង កញ្ញា ប្អូនប្រុស ប្អូនស្រី អញ្ជើញផ្តល់ជាកិត្តិយសចូលរួមកម្មពិធីរៀបអាពាហ៍ពិពាហ៍របស់យើងខ្ញុំនៅវេលាល្ងាចនេះអោយ បានច្រើនកុះករ សូមគោរព និង អរគុណ។ ទីតាំងនៅ The Terrace TK»។
ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការអបអរសាទរ និង ធ្វើការជូនពរដល់លោកគ្រប់គ្នាផងដែរ៕