អបអរ Linda Chung ពពោះកូនទី ៣ តែមុនជឿថាខ្លួនពពោះ នាងបានធ្វើរឿងនេះរហូតដល់ ៣ ដងឯណោះ
មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីហុងកុង Linda Chung ហាក់ស្ងប់ស្ងាត់តាមបណ្ដាញសង្គម ដោយសារតែនាង កំពុងពពោះកូនទី ៣ នេះ ធ្វើឱ្យនាងជួបប្រទះបញ្ហាលំបាកមួយចំនួន។
ស្រាប់តែនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ Linda ដែលកំពុងពពោះជាង ១០ សប្ដាហ៍នោះ បានធ្វើការបង្ហោះវីដេអូមួយលើ Youtube Channel របស់នាង ធ្វើការថ្លែងអំណរគុណអ្នកគាំទ្រចំពោះការជូនពរដល់រូបនាង។ ជាមួយគ្នានោះដែរ នាងក៏បានធ្វើការទម្លាយលម្អិតមួយចំនួនជុំវិញការពពោះកូនទី ៣ របស់នាងនេះដែរ។
ក្នុងវីដេអូនោះ Linda និយាយទាំងមិនលាក់លៀមថា នាងមិនបានរំពឹងថា នឹងពពោះកូនទី ៣ នេះឡើយ ហើយនាងថែមទាំងធ្វើតេស្តមានផ្ទៃពោះ រហូតដល់ទៅ ៣ លើកឯណោះ ដើម្បីឱ្យប្រាកដថានាងពិតជាមានកូនមែន។
Linda ក៏បានទម្លាយដែរថា ពពោះកូនក្រោយនេះ នាងជួបបញ្ហាលំបាកជាច្រើន។ នាងបានរៀបរាប់ថា ៖ «ក្រោយខ្ញុំដឹងថា ខ្ញុំកំពុងពពោះ (បាន ៥ សប្ដាហ៍) អាការចាញ់កូនទាំងនោះ ក៏ចាប់ផ្ដើមចេញមក។ ខ្ញុំមានអារម្មណ៍អត់ស្រួលខ្លួនខ្លាំង។ ខ្ញុំចង់ក្អួតរាល់ថ្ងៃ ហើយឃើញអ្វីក៏ដោយ ក៏ធ្វើឱ្យចង់ក្អួតដែរ សូម្បីតែនិយាយជាមួយអ្នកទាំងអស់គ្នាឥឡូវនេះ ក៏ខ្ញុំចង់ក្អួតដែរ ខ្ញុំពិតជាសុំទោសមែន»។
មិនត្រឹមធ្វើឱ្យនាងខ្សោយជាងមុននោះទេ សូម្បីតែផ្លូវអារម្មណ៍ក៏ប៉ះពាល់ណាស់ដែរ។ Linda សារភាពថា នាងគឺប្រែអារម្មណ៍ទៅជាឆេវឆាវ និង ចិត្តច្រើន ហើយពេលខ្លះ ភ្លាមៗនាងក៏ប្រែជាមានអារម្មណ៍ថាភ័យខ្លាចក៏មាន៕