ទើបព្រលយចង់ធ្វើតារាចម្រៀងថ្ងៃមុន ពេលនេះ លីវ ជីលី ត្រៀមចេញបទថ្មីបាត់
ប្រិយមិត្តអ្នកគាំទ្របានស្គាល់រួចមកហើយកញ្ញា លីវ ជីលី ជាម្ចាស់តំណែងគ្រងមកុដ Miss Grand Cambodia 2020 ដែលកន្លងមកកញ្ញាធ្លាប់ទម្លាយថា មានក្ដីស្រមៃមួយនេះតាំងពីក្មេងមកម្ល៉េះ។
ដោយឡែកក្រៅពីសម្រេចក្ដីស្រមៃក្លាយជាបវរកញ្ញាមានមហាជនទទួលស្គាល់ភ្លូកទឹកភ្លូកដី ថែមទាំងបានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិទៀត កាលពីមួយរយៈមុន លីវ ជីលី ស្រាប់តែទម្លាយពីក្ដីស្រមៃថ្មីមួយទៀតពេលបានជួប ចំរើន សុភ័ក្រ្ត ដែលមិនឆ្ងាយពីសិល្បៈឡើយ ពោលគឺតារាស្រីរូបនេះចង់ក្លាយជាតារាចម្រៀងមួយរូប។
គ្រាន់តែបង្ហើបពីក្ដីស្រឡាញ់ចង់ធ្វើជាតារាចម្រៀងមិនបានប៉ុន្មានផង ថ្មីៗនេះ លីវ ជីលី ស្រាប់តែប្រកាសនៅលើគណនីហ្វេសប៊ុកថា នាងត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួនឆាប់ៗនេះ។ ម្ចាស់មកុដ MGC 2020 រូបនេះ បានរៀបរាប់ថា ៖ «តិចទៀត ជីលី ក៏ត្រៀមចម្រៀង១បទជូនពុកម៉ែបងប្អូនផងដែរចា៎ សង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្ត និងគាំទ្រ»។
ជីលី ប្រកាសត្រៀមចេញបទចម្រៀងថ្មីនេះ ស្របពេលដែលនាងទទួលថត MV បទចម្រៀងជាមួយ លោក ថាច់ សាថេន ដែលជាតារាចម្រៀងមានឈាមជ័រជាអ្នកកម្ពុជាក្រោម៕