ពេល Great ថាអត់បាននាំទៅដើរលេង មានអី Kao ចេញមុខឆ្លើយផាំង ឡើងហ្វេនៗស្រឡាំងកាំង
ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់ចាប់ក្រសែភ្នែកសម្លឹងមើលពីតារាស្រី Kao Supassra មិនស្ទើរនោះទេ ព្រោះចាប់តាំងពីនាងបែកបាក់ស្នេហាជាមួយនឹងអតីតមិត្តប្រុសមក ជារឿយៗនាងតែងតែត្រូវបានអ្នកគាំទ្រចាប់គូ និង ផ្គូផ្គងជាមួយអ្នកនេះអ្នកនោះរហូតមិនដាច់។
ក្នុងការផ្គូផ្គងនោះ ក៏មានតារាប្រុសរូបសង្ហា Great ផងដែរ ដោយអ្នកទាំងពីរពិតទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជាច្រើន ដែលទទូចចង់ឱ្យអ្នកទាំងពីរសាកបើកបេះដូងទទួលយកគ្នា ព្រោះម្នាក់ៗសុទ្ធសឹងតែបេះដូងកំព្រាដូចគ្នា។
លើសពីនេះទៅទៀតនោះ ក្រោយមហាជនចាប់គូ ស្រាប់តែមួយរយៈចុងក្រោយនេះមានព័ត៌មានថា អ្នកទាំងពីរបានដឹកដៃគ្នាទៅលេងនៅអយុធ្យា តែជុំវិញដំណឹងនេះ Great ក៏បានចេញមុខបដិសេធហើយថាមិនពិតនោះទេ។
ម្យ៉ាងវិញទៀត បន្ទាប់ពី Great ចេញមុខបកស្រាយរួច គេក៏បានឃើញតារាស្រី Kao Supassra បានចេញមុខបង្ហោះសារមួយឃ្លានៅក្នុងគណនី Story IG ផ្ទាល់ខ្លួនរបស់នាងផងដែរ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ដែលហាក់សំដៅដល់តារាប្រុស Great បែបចំអន់លេងថា ៖ «ទើបតែទៅអយុធ្យាជាមួយខ្ញុំហេតុអ្វីមិនប្រាប់ខ្ញុំ»។ ជាមួយគ្នានោះ នាងថែមទាំងក្លែមពាក្យសម្តីចុងក្រោយមួយម៉ាត់ដល់ Great រហូតអ្នកគាំទ្រអ្នកទាំងពីរឮហើយញញឹមបិទមាត់មិនជិតទៀតថា ៖ «យើងទើបតែទៅញុំាបង្គាជាមួយគ្នានៅអយុធ្យាទេតើឯង»។
យ៉ាងណាមិញ បើទោះបីជាអ្នកទាំងពីរបានចេញមុខបកស្រាយជុំវិញមន្ទឹលសង្ស័យមួយនេះហើយក៏ដោយ តែសម្រាប់មហាជននៅតែបន្តគាំទ្រ និង រឹតតែចង់ឱ្យអ្នកទាំងពីរជាគូនឹងគ្នាដដែល៕