ផ្ទុះការរិះគន់ឪពុកក្មេក Yang Mi ក្រោយយកឈ្មោះចៅស្រី មកវាយប្រហារបែបនេះលើអតីតកូនប្រសា
កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ អ្នកនិយមលេងអ៊ីនធឺណេតចិន មានការខឹងសម្បាខ្លាំង នៅពេលដែលឪពុកបង្កើតរបស់តារាសម្ដែងប្រុស Hawick Lau និយាយដោយចេតនាពីឈ្មោះចៅស្រីរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅក្នុងកាសែតហុងកុងមួយ។
ដោយបានផ្តល់បទសម្ភាសទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កូនប្រុសរបស់គាត់ ពេលបានចេញទៅធ្វើការនៅប្រទេសចិនហើយ Hawick Lau ដូចជាមិនសប្បាយចិត្តសោះ ព្រោះត្រូវឃ្លាតឆ្ងាយពីកូន។ ក្នុងនោះ លោក Lau Dan បានបង្ហើបថា ពីមុនរាល់ពេលដែលកូនប្រុសរបស់លោកចេញទៅធ្វើការម្ដងៗ ចៅស្រីគាត់តែងយំនឹកឪពុកគេ ហើយមានតែក្រុមគ្រួសារទេជួយមើលថែសម្រាលបន្ទុក។
យ៉ាងណាមិញ ការលើកឡើងរបស់ឪពុកបង្កើតលោក Hawick Lau ទទួលបានការរិះគន់យ៉ាងច្រើន ដោយសារតែអ្នកនិយមលេងអ៊ីនធឺណេតគិតថា គាត់ធ្វើពុតជាសម្ដែង មានចេតនាយកចៅស្រីចេញមកនិយាយ ដើម្បីយកក្តីអាណិតពីទស្សនិកជន។ ទន្ទឹមនឹងនោះ គ្រួសារនេះចង់ឆ្លៀតឱកាសសាងឈ្មោះជាឪពុកគំរូ ដើម្បីលុបលាងរឿងអាស្រូវផិតក្បត់ ហើយមនុស្សភាគច្រើនជឿថា គាត់និយាយបែបនេះ ចង់មានចេតនាផ្តួល Yang Mi ឱ្យមហាជនរិះគន់។
ព្រោះឪពុកក្មេករបស់តារាស្រីរូបនេះ តែងបង្ហាញកាយវិការអវិជ្ជមានចំពោះអតីតកូនប្រសាស្រីរបស់គាត់ជាសាធារណៈច្រើនលើកមកហើយ ថែមទាំងរិះគន់ចំៗថា តារាស្រីរូបនេះផ្តោតលើអាជីពរបស់នាងខ្លាំងពេក រហូតមិនមានពេលមកលេងកូនជាង ១ ឆ្នាំ។ នេះក៏ជាមូលហេតុដែល Yang Mi និង គ្រួសារត្រកូល Lau មិនអាចចុះសម្រុងគ្នាបានសូម្បីតែពេលវេលា ទើបបានជាចំណងអាពាហ៍ពិពាហ៍ត្រូវបែកបាក់៕