អែនជី ចាប់ដៃប្ដីប្រពន្ធប្រឹងរកស៊ី ចាយលុយសង់ផ្ទះវីឡាធំប្រណីតបែបអភិជនញាក់
ភ្លេចៗត្រចៀក ចំណងអាពាហ៍ពិពាហ៍តារាចម្រៀង អែនជី និង ស្វាមី មានរយៈពេល ៤ ឆ្នាំហើយ ដោយបច្ចុប្បន្នពួកគេទាំងពីរទទួលបានកូនប្រុសម្នាក់ជាទាយាទស្នងត្រកូល។ ក្នុងថ្ងៃខួបរៀបការ ៤ ឆ្នាំនេះ អែនជី មិនបានរៀបចំពិធីជប់លៀងធំដុំដើម្បីរំឭកខួបស្នេហារបស់ពួកគេឡើយ ប៉ុន្ដែនាង និង ស្វាមី ព្រមទាំងកូនប្រុស បានបរិច្ចាគថវិកាចំនួន ៨៨៨ ដុល្លារជូនមន្ទីរពេទ្យគន្ធាបុប្ផា និង ថវិកាចំនួន ៥៥៥ ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។
ក្រៅពីនេះ តារាចម្រៀង អែនជី សឹងតែធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំងបើកភ្នែកធំៗមើលពីភាពមានបានរបស់នាង ក្រោយអ្នកម៉ាក់ហាយសូររូបនេះ បង្ហាញផ្ទះវិឡាយ៉ាងធំប្រណីតតម្លៃរាប់ម៉ឺនដុល្លារកំពុងសាងសង់ជិតរួចរាល់ ដែលវិឡានោះគឺជាកាដូជីវិតក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំរបស់នាងនិង ស្វាមីជាទីស្រឡាញ់។
ជាមួយនឹងការបង្ហាញជីវិតបែបអភិជនបានរស់នៅសុខស្រួលសឹងមិនខ្វះអ្វីដូចពេលនេះ អែនជី បានទម្លាយថា ទ្រព្យសម្បត្តិទាំងអស់នោះគឺកើតឡើងពីកម្លាំងញើសឈាម និង ការខិតខំប្រឹងប្រែងរបស់ប្ដីប្រពន្ធអ្នកទាំងពីរសុទ្ធសាធ។
ក្នុងនោះ អែនជី ក៏បានអរគុណស្វាមី និង កូនប្រុសជាទីស្រឡាញ់ថា ៖ «កាដូ និងចំណងដៃថ្មីសម្រាប់គ្រួសារខ្ញុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឆ្នាំទី៤ អរគុណលោកប្តី និងកូនដែលតែងតែធ្វើឱ្យអូនរីករាយ ប្ដីប្រពន្ធចាប់ដៃគ្នាសាងសុភមង្គល ស្មោះត្រង់ គិតល្អធ្វើល្អ មើលថែគ្នាទៅវិញទៅមក ប្រឹងគិតប្រឹងអនុវត្ត លះបង់ចោលរឿងដែលមិនមានប្រយោជន៍ និងរឿងអវិជ្ជមានទាំងឡាយចោល ពិតជាមិនងាយក្រទេ»៕