ប្រកាសលែងបកក្រោយ តែ ផេនខេក នៅរក្សារ៉ូបថ្ងៃរៀបការនៅជាប់ខ្លួនរហូត
ជីវិតស្នេហ៍ប្រេះឆារបស់ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3Fun គឺតារាស្រី ផេនខេក ដែលត្រូវប្ដីក្បត់ចិត្តទៅលួចមានអ្នកថ្មី បានធ្វើឱ្យបណ្ដាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើន បានដឹងឮសុសសាយអស់ទៅហើយ ដោយមជ្ឈដ្ឋានជុំវិញ មានការអាណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរជួបស្នេហ៍ខកបំណងធ្វើឱ្យឈឺចាប់បែបនេះឡើយ ខណៈពួកគេទើបក្រាបផ្ទឹមរៀបការបានជាង ១ ខែ។
ក្រោយរឿងកើតឡើងភ្លាមៗ ផេនខេក ទទួលយកការពិតសឹងតែមិនបាន ព្រោះប្ដីដែលស្រឡាញ់គ្នារយៈពេល ៦ ឆ្នាំ បែរធ្វើរឿងក្បត់ឱ្យនាងឈឺចាប់ខ្លាំងបែបនេះ តែទោះបីជាយ៉ាងណា ផេនខេក ប្រកាសកាត់ចិត្តលែងបកក្រោយវិលទៅសាងស្នេហ៍នឹងប្ដីម្ដងទៀតហើយ ដោយងាកមកបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីជីវិតខ្លួនឯងបន្តទៀត ព្រោះថាក្រោយជួបបទពិសោធដ៏ឈឺចាប់លើកនេះ បានបង្រៀននាងឱ្យដឹងថាមានមនុស្សនៅជុំវិញខ្លួនជាច្រើនចាំគាំទ្រ ជំរុញលើកទឹកចិត្ត នៅក្បែរនាងឱ្យតស៊ូបន្តទៀត។
កាលពីថ្ងៃទី ២១ មេសា ឆ្នាំ ២០២២ កន្លងទៅ ផេនខេក បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផេក បញ្ជាក់ច្បាស់ៗនាងគ្មានថ្ងៃបកក្រោយដាច់ខាតថា ៖ «គ្មានទេពាក្យថា «បកក្រោយ» មកដល់ដំណាក់កាលនេះហើយមានតែខំដើរទៅមុខបន្តទៀត»។
យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ២៦ ខែមេសា នេះ ផេនខេក បានបង្ហោះសារថ្មី ដោយនាងបានអះអាង នឹងរក្សារ៉ូបស្លៀកក្នុងថ្ងៃមង្គលការទុកជាប់ខ្លួនរហូតថា ៖ «តើពាក្យសម្ដីនេះទៅណាអស់ហើយ «ខ្ញុំអត់គិតថាមានថ្ងៃនេះទេ អត់ដឹងថាទៅមុខទៀតហ្នឹង យើងមានរឿងអីកើតឡើងទេ ប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានបំពេញក្តីស្រមៃមនុស្សស្រីម្នាក់ដែលគាត់តែងតែប្រាប់ថា ប៉ាខ្ញុំចង់ការ ប៉ាអូនចង់ពាក់រ៉ូបកូនក្រមុំ ប៉ាអូនចង់ឈរលើឆាក ឥឡូវបងបានបំពេញក្តីស្រមៃរបស់អូនហើយ ស្រឡាញ់អូន។» ពាក្យទាំងនេះ ខ្ញុំនឹងចងចាំទុក ហើយសម្រាប់សម្លៀកបំពាក់ដែលខ្ញុំពាក់នៅថ្ងៃសំខាន់របស់ខ្ញុំមួយនេះ ខ្ញុំនឹងរក្សាទុកវានៅជាប់ខ្លួនខ្ញុំរហូត»៕