អេដា តារាស្រីកំពូលសំណាង បានអនាគតឪពុកក្មេកមានមុខរបរគួរឱ្យគោរពនៅអាមេរិក ហើយស្រឡាញ់នាងដូចកូនបង្កើត
នៅខ្វះតែមួយជំហានទៀត តារាចម្រៀង អេដា និង គូដណ្ដឹង នឹងក្លាយជាប្ដីប្រពន្ធរៀបការតាមប្រពៃណីហើយ ក្រោយអ្នកទាំងពីរបានដឹកដៃគ្នាភ្ជាប់ពាក្យនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ដោយពិធីភ្ជាប់ពាក្យតារាស្រីរូបនេះ បានប្រារព្ធឡើងអធិកអធមមិនចាញ់ពិធីមង្គលការសមល្មមមួយនោះទេ ព្រមទាំងមានវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។
អាចនិយាយថា អេដា ជានារីដែលសំណាងបានស្វាមីបរទេសដែលស្រឡាញ់ថ្នាក់ថ្នមនាង ច្បាស់លាស់ជាមួយគ្នារហូតរៀបចំពិធីភ្ជាប់ពាក្យឡើង ហើយរឿងដែលមហាជនកាន់តែច្រណែននឹងជីវិតរបស់ អេដា នោះគឺ នាងមានឪពុកក្មេកដែលល្អ ស្រឡាញ់មើលថែ បារម្ភពីនាង និង ចាត់ទុក អេដា ប្រៀបដូចកូនស្រីបង្កើត។
អេដា បានទម្លាយពីមុខរបររបស់អនាគតឪពុកក្មេកនាង គឺជាវេជ្ជេបណ្ឌិតដ៏ពូកែមួយរូបឈ្មោះថា ដុកទ័រ តាន់ សុង នៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លើសពីនោះ អេដា ក៏បានរៀបរាប់ទៀតថា ៖ «គាត់ជាឪពុកក្មេករបស់ខ្ញុំ គាត់ជាមនុស្សចាស់ទុំម្នាក់ដែលស្រឡាញ់ បារម្ភពីខ្ញុំដូចជាកូនបង្កើត គាត់ទទួលយកអ្វីគ្រប់យ៉ាងដែលជាខ្ញុំ និង តែងតែសរសើររាល់ការងារដែលខ្ញុំធ្វើ គាត់តែងតែរំឭកខ្ញុំ កុំឱ្យបោះបង់ការសរសេរចម្រៀង និង ការច្រៀង ព្រោះគាត់មានមោទកភាពណាស់នៅពេលដែលឮគេស្តាប់ និង ច្រៀងចម្រៀងរបស់ខ្ញុំ ខ្ញុំអាចជាកូនប្រសាស្រីដែលមានសំណាងបំផុត»៕