ឃើញមាឌមាំៗអ៊ីចឹងទេ តែពេលបានក្បែរម្ដាយ វ៉ាន់ ដេវីត តួមាណពសង្ហា នៅតែជាកូនពៅគ្មានថ្ងៃធំ
ជឿជាក់ថាមហាជនប្រាកដជាស្គាល់តួអង្គ មាណព ក្នុងរឿង «បដាចារ» មិនខាន ដោយតារាប្រុសរូបនេះ មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈសម្ដែងដ៏ប៉ិនប្រសប់ទេ ប៉ុន្ដែកន្លងមក វ៉ាន់ ដេវីត ក្ដោបបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់មហាជនតាមរយៈរូបរាងស្រស់ស្អាត សាច់ដុំហាប់ណែន និង ស្នាមញញឹមពោរពេញដោយមន្តស្នេហ៍របស់លោកបានឆក់បេះដូងស្រីៗឱ្យលង់ច្រើនរាប់ភ្លេច។
មិនថានៅក្នុងភាពយន្ត ឬ ក្នុងជីវិតពិតទេ វ៉ាន់ ដេវីត ធ្វើឱ្យស្រីៗជ្រួលជ្រឺមទៅលើរូបរាង និង ភាពជាសុភាពបុរសរបស់លោកមិនស្ទើរឡើយ ប៉ុន្ដែពេលនៅក្បែរម្ដាយវិញ ដេវីត អះអាងថា លោកគ្រាន់តែជាកូនក្មេងសម្រាប់អ្នកមានគុណប៉ុណ្ណោះ។ ទំនាក់ទំនងដ៏ជិតដិតរបស់តារាសម្ដែងប្រុសរូបនេះខាងលើ និង ម្ដាយ បានធ្វើឱ្យមហាជននរំភើបជំនួស ព្រោះទោះបី ដេវីត មិនសូវបាននៅក្បែរមើលថែម្ដាយដិតដល់ពិតមែន តែលោកនៅតែទទួលបានភាពកក់ក្ដៅពីម្ដាយជានិច្ច។
ជាក់ស្តែងកាលពីកន្លងទៅនេះ រូបភាពប៉ុន្មានសន្លឹករបស់ វ៉ាន់ ដេវីត ឆ្លៀតទៅលេងស្រុកកំណើតដើម្បីជួបជុំគ្រួសារ តែដល់ពេលត្រឡប់មកភ្នំពេញវិញ តារាប្រុសរូបនេះបានបង្ហោះសាររៀបរាប់ក្នុងអត្ថន័យ បាននិយាយច្បាស់ៗថា លោកនៅតែជាកូនក្មេងសម្រាប់ម្ដាយជានិច្ចថា ៖ «លាម៉ាក់ត្រឡប់មកភ្នំពេញវិញបន្ទាប់ពីចំណាយពេលជិត ២០ ថ្ងៃនៅក្បែរគាត់ ម៉ាក់ថាមិនទាន់ចង់ឱ្យកូនទៅវិញទេ តែធ្វើម៉េចកូនត្រូវធ្វើការ។ ក្នុងចិត្តម៉ាក់មិនថាកូនអាយុប៉ុន្មាន ឬធំប៉ុនណាកូននៅតែជាកូនក្មេងសម្រាប់លោក»៕