ផ្ទុះចាប់អារម្មណ៍! ដាវ ដាវីកា បានដាក់ពាក្យត្រៀមចូលប្រកួតវិស័យបវរកញ្ញា ក្នុងកម្មវិធីនេះ
តារាសម្ដែងស្រីវ័យក្មេង ដាវ ដាវីកា បច្ចុប្បន្ន នាងហាក់កាន់តែបោះជំហានយ៉ាងជោគជ័យនៅក្នុងវិស័យសិល្បៈ ដោយក្រៅពីការងារថតកុន ស្រីស្អាតរូបនេះក៏ក្ដោបបានការងារថតស្ពតពាណិជ្ជកម្ម និង ការងារស្ថិតក្នុងរង្វង់សិល្បៈផ្សេងៗទៀតជាច្រើនផងដែរ។
លើសពីនេះ ឃើញថា កញ្ញា ដាវ ដាវីកា តែងទទួលបានការចាប់អារម្មណ៍សរសើរពីអ្នកគាំទ្រជាមួយសមត្ថភាពផ្សេងៗរបស់នាងក្នុងវិស័យសម្ដែង ព្រមទាំងរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ក្រមិចក្រមើមរបស់នាងផងដែរ។
ដោយឡែក ស្របពេលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ថ្មីៗនេះ ដាវ ដាវីកា ក៏បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងហាក់ភ្ញាក់ផ្អើល និងមានការរំភើបចិត្តខ្លាំង ក្រោយពីទទួលដំណឹងថា នាងបានសម្រេចចិត្តប្រឡូកចូលក្នុងវិស័យបវរកញ្ញាហើយ គឺនាងបានធ្វើការដាក់ពាក្យចូលប្រកួតកម្មវិធី Miss Universe Cambodia ២០២២ នេះរួចរាល់ហើយ បើតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia។
ជាមួយគ្នានោះ ក្រោយពីបានឭដំណឹងនេះភ្លាម មហាជនអ្នកគាំទ្រ ក៏ដូចមិត្តអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការគាំទ្រយ៉ាងពេញទី និងជូនពរចំពោះ ដាវ ដាវីកា ជាមួយដំណើរឆ្ពោះទៅការប្រកួតវិស័យបវរកញ្ញាចក្រវាលនេះផងដែរ៕