សួរច្រើនពេករឿងពេលណាយកប្រពន្ធ ស្រាប់តែ Pong Nawat តបទៅវិញមួយឆ្ងាញ់
លោក Pong Nawat ជាតារាសម្ដែងប្រុសថៃជួរមុខម្នាក់ ដ៏មានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ ហើយមានប្រិយមិត្តច្រើនណាស់ដែលតែងតែបានតាមដានការសម្ដែងរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ ថែមទាំងអួត សរសើរមិនដាច់ពីមាត់ទៀតផង។
ដោយឡែក បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាសម្ដែងរូបនេះវិញ មកទល់ពេលនេះលោកនៅពុំទាន់មានគ្រួសារ ឬ គូស្នេហ៍នៅឡើយទេ ខណៈដែលមិត្តភក្តិក្នុងសិល្បៈស្រករលោក មានគ្រួសារ មានកូន ស្ទើរតែគ្រប់គ្នាទៅហើយនោះ។
ជុំវិញរឿងរ៉ាវតារាប្រុសរូបនេះមិនទាន់យកគូស្រករនោះ កន្លងមកតារាប្រុសរូបនេះ ក៏ធ្លាប់ចេញមុខបកស្រាយដែរថា មិនមែនលោកមិនចង់យកនោះទេ តែដោយសារមិនទាន់បានជួបមនុស្សដែលត្រូវចិត្ត។
ដោយឡែកទោះបីជាមានការបកស្រាយជាច្រើនដងទៅហើយក្ដីតែមហាជននៅតែចោទសួរទៅកាន់លោកជារឿយៗ ជុំវិញរឿងយកប្រពន្ធ។ ថ្មីៗនេះ តារាប្រុសរូបនេះ បានទម្លាយតាមរយៈសារព័ត៌មានក្នុងស្រុកមួយ ដោយលើកឡើងថា លោកក៏ចង់មានប្រពន្ធដូចគ្នា តែគិតៗទៅ គឺថាក្ដីសុខរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ អ្នកខ្លះរៀបការមុន អ្នកខ្លះក៏រៀបការក្រោយ ដូចនេះធ្វើតាមក្ដីសុខរបស់ខ្លួនឯងល្អជាង។ បើសិនជាលោកបានជួបមនុស្សដែលលោករស់នៅជាមួយមានក្ដីសុខ លោកនឹងរៀបការហើយ ព្រោះលោកយកអារម្មណ៍ដែលជាអ្នកកំណត់វិញ ព្រោះក្ដីស្រឡាញ់មិនមែនត្រឹមពាក្យ បងស្រឡាញ់អូន អូនស្រឡាញ់បង នោះទេ គឺត្រូវទាំងព្រមគ្នាទើបបាន តែការដែលយល់ចិត្តគ្នា វាក៏មិនមែនជារឿងងាយដែរ។
មិនតែប៉ុណ្ណោះ លោកថែមទាំងបន្ថែមថា សម្រាប់លោកគឺមិនចង់រៀបការហើយលែងលះគ្នាទេ ព្រោះបើមានគ្រួសារមានកូនហើយត្រូវចែកផ្លូវគ្នានោះ លោកមិនចង់ឡើយ។ ជាមួយនឹងការតបច្បាស់ៗ ប្រកបដោយហេតុផលក្បោះក្បាយបែបនេះ ពិតជាធ្វើឱ្យមហាជនបានយល់ច្បាស់អស់ចម្ងល់ នឹងលែងសួរនាំលោកទៀតផងដែរ៕