Pinky Savika ធ្លាប់ជាតារាថៃទី ១ បានថ្លៃបណ្ណាការច្រើនជាងគេបំផុត តែបែរជួបស្នេហាមិនសមបំណងទៅវិញ
តារាស្រីនាង Pinky Savika អ្នកណាៗក៏ស្គាល់ដែរថា ជាតារាសម្តែងស្រីជួរមុខក្នុងពិភពសិល្បៈថៃ។ ថ្វីត្បិតតែពេលនេះនាងមិនសូវលេចមុខនៅក្នុងសិល្បៈជាញឹកញាប់ក្តី តែតារាស្រីរូបនេះនៅតែទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេសដដែល ។
បើត្រឡប់ទៅមើលពីជីវិតស្នេហារបស់នាងវិញ ឃើញថា នាងជាតារាស្រីមួយរូប ដែលទទួលបានក្តីស្រឡាញ់ពីបុរសអ្នកមាន ឬ អាចហៅម្យ៉ាងបានថា ជាសេដ្ឋីក្នុងត្រកូលគ្រួសារអភិជនម្នាក់។ បន្ទាប់ពីអ្នកទាំងពីរផ្តើមយល់ចិត្តគ្នាមួយរយៈធំមក ពួកគេក៏សម្រេចចិត្តកាន់ដៃគ្នាចូលរោងការ ដែលមានការដឹងឮពីមេបាទាំងសងខាង។ ក្នុងថ្ងៃមង្គលនោះដែរ ឃើញថា នាងជាតារាស្រីដំបូងគេ ដែលទទួលបានថ្លៃបណ្ណាការពីស្វាមីយ៉ាងច្រើនមហាសាល ពោលគឹ ចំនួនរហូតដល់ទៅ ១០ លានដុល្លារ និង គ្រឿងពេជ្រមួយចំនួនទៀត ។
ទោះបីជាបានរៀបការជាមួយស្វាមីមានងារជាសេដ្ឋី រស់នៅលើគំនរមាសប្រាក់ពិតមែន តែជីវិតប្ដីប្រពន្ធគូនេះ មិនអាចនៅជួបជុំផឹកតែ តែងកំណាព្យជុំគ្នាដល់ចាស់ទេ ព្រោះអ្នកទាំងពីរបានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ក្រោយរួមរស់ជាមួយគ្នាបាន ៣ ឆ្នាំប៉ុណ្ណោះ។ មូលហេតុនៃការលែងលះពិតប្រាកដមិនត្រូវបានទម្លាយឱ្យដឹងឡើយ ខណៈដែលពេលនេះ តារាស្រីរូបនេះ ក៏បានវិលត្រឡប់ចូលវិស័យសិល្បៈវិញផងដែរ៕