ចាំរឿងឥណ្ឌាល្បី «សុំបេះដូងស្មោះមកវិញ» បានទេ? ពេលនេះ តួឯកប្រុសស្រីប្រែសម្រស់ប្លែក
ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំនៅឡើយទេ នូវរឿងភាគឥណ្ឌាល្បីក្នុងអំឡុងឆ្នាំ ២០១១ គឺរឿង «សុំបេះដូងស្មោះមកវិញ» ដែលត្រូបានចាក់បញ្ចាំងឱ្យទស្សនាដោយទូរទស្សន៍ប៉ុស្តិ៍អប្សរា។ ក្នុងនោះ រឿងភាគមួយនេះពិតជាធ្វើឱ្យមហាជនជក់ចិត្តដិតអារម្មណ៍មិនតិចនោះទេ ដោយមានអ្នកខ្លះខំតាមដានស្ទើរដាច់បាយដាច់ទឹកតែម្តង ព្រោះតែសាច់រឿង និង ការសម្តែងរបស់តួអង្គ វីរាជ និង នាងចាន់វី នោះឯង។
យ៉ាងណាមិញ បើគិតមកទល់ពេលនេះ អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ដែលរឿងនេះបានបញ្ចប់ទៅ ធ្វើឱ្យមហាជនមួយចំនួន ក៏ចង់ដឹងពីដំណើរជីវិត ព្រមទាំងសុខទុក្ខរបស់តួអង្គឯកនីមួយផងដែរ។
ក្នុងនោះ តួអង្គ វីរាជ ជាស្វាមីឃោរឃៅ គឺបានសម្តែងដោយតារាប្រុស Karanvir Bohra ហើយមកទល់ពេលនេះ លោកមានអាយុ ៣៩ ឆ្នាំទៅហើយ ព្រមទាំងបានសាងគ្រួសារជាមួយនឹងភរិយាស្រស់ស្អាត ហើយមានកូនស្រី ៣ នាក់ជាចំណងដៃបាត់ទៅហើយ។ ចំណែកការងារសិល្បៈវិញ លោកក៏បានឈានជើងចូលការដឹកនាំរឿងផងដែរ ហើយមួយរយៈនេះ គឺលោកបានឃ្លាតឆ្ងាយពីការសម្តែងទៀតផង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួន នឹករឭកលោកមិនតិចនោះទេ។
ចំណែក មកមើលតួអង្គស្រីយើងវិញ គឺ នាងចាន់វី ដែលសម្តែងដោយតារាស្រី Sriti Jha សព្វថ្ងៃនាងមានអាយុ ៣៦ ឆ្នាំទៅហើយ ប៉ុន្តែនៅមិនទាន់បានសាងគ្រួសារនោះទេ សូម្បីតែរឿងសង្សារនាយអាយក៏មើលទៅស្ងាត់ដែរ ប៉ុន្តែបើនិយាយរឿងសម្រស់វិញ គឺហាក់នៅស្រស់ស្អាតដដែល។ ចំណែករឿងការងារសិល្បៈវិញ នាងក៏បានបាត់មុខយូរដូចគ្នា ដោយភាគច្រើនគេឃើញនាងបានទៅប្រើប្រាស់ជីវិតរស់របស់ខ្លួនយ៉ាងសប្បាយរីករាយ ជាមួយនឹងគ្រួសារ មិត្តភក្តិ ក៏ដូចជាការធ្វើដំណើរកម្សាន្តផ្សេងៗវិញ៕