Anna ចេញមុខបកស្រាយរឿងចូលកម្មវិធី «វិញ្ញាណមានពិត» ក្រោយរងការរិះគន់ដូចបាក់ទំនប់
កាលពីថ្មីៗនេះ កម្មវីធី «Khon Uad Pee ឬ វិញ្ញាណមានពិត» របស់ប៉ុស្តិ៍ Workpoint ប្រទេសថៃ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយបង្ហាញពីឃ្លីបខ្លីៗ ដែលទាក់ទងនឹងការអញ្ជើញវិញ្ញាណ Tangmo ដោយការចូលរួមពីសំណាក់មិត្តភក្តិជិតស្និទ្ធ ២ រូបនោះគឺ Anna និង Hippo។
ទន្ទឹមនឹងការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ស្រាប់តែព្យុះរិះគន់ក៏មានកើនឡើងយ៉ាងច្រើនដូចគ្នា ជាពិសេសគឺចំពោះ Anna និង Hippo ដោយភាគច្រើនមហាជន និង អ្នកគាំទ្រមិនពេញចិត្ត ដែលយករឿងរ៉ាវរបស់ Tangmo ដើម្បីទាក់ទាញផលប្រយោជន៍ ឬផលិតកម្មវិធីអ្វីបែបនេះ។
ស្របពេលដែលការរិះគន់កើតមានយ៉ាងច្រើនដូចបាក់ទំនប់ Anna ក៏បានចេញមុខបកស្រាយដោយរៀបរាប់ថា ៖ «រឿងកម្មវិធី «Khon Uad Pee» ខ្ញុំព្រមទទួលស្គាល់ថា Anna និង Hippo គិតមិនបានល្អិតល្អន់ពិតមែនចំពោះបញ្ហានេះ ដោយអំឡុងពេលថតកម្មវិធី គឺពេលកើតហេតុដំបូងៗ ដែលជាហេតុធ្វើឱ្យយើងគិតថា ត្រូវតែធ្វើអ្វីឱ្យក្តីមួយនេះមិនស្ងប់ស្ងាត់។ ពួកយើងចូលថតមុនពេលអ្នកម្តាយចេញមុខហាម តែបន្ទាប់ពីអ្នកម្តាយចូលសម្ភាសហើយហាម ពួកយើងក៏ឈប់»។
«ចាប់តាំងពីពេលនោះមក Anna មិនដែលទទួលទូរស័ព្ទ ឬ កិច្ចសម្ភាសពីអ្នកព័ត៌មានណាឡើយ លើកលែងតែសំខាន់ខ្លាំងដែលដាច់ខាតត្រូវតែទទួល។ កម្មវិធីក៏ថតចប់មុនយូរដែរហើយ ហើយចំពោះប្រាក់ដែលបានមកគឺខ្ញុំយកទៅចូលរួមពិធីបុណ្យទាំងអស់។ ចំពោះអ្នកដែលមើលមកថា ពួកខ្ញុំជាមនុស្សចង់ល្បី គឺគ្រប់គ្នាមានសិទ្ធិនិយាយ ព្រោះវាជាសិទ្ធិបុគ្គលក្នុងការវិនិច្ឆ័យនរណាម្នាក់»។
«ខ្ញុំចាំបានពេលខ្ញុំយកកូនខ្ញុំមកចិញ្ចឹមដំបូងៗ មានអ្នកចេញមុខរិះគន់ថា យកកូនមកចិញ្ចឹមដើម្បីផលិតមាតិកា ឬ រកប្រយោជន៍រកលុយអ្វីបែបនេះ Anna ដឹងថាហាមការគិតរបស់មនុស្សគឺពិបាក តែខ្លួន Anna ផ្ទាល់ដឹងច្បាស់ថាយើងធ្វើអ្វី នៅចំណុចណា។ ចំពោះរឿងក្តី Tangmo ខ្ញុំតាមដានមករហូត សួរអ្នកព័ត៌មានគ្រប់ពេល ហើយខ្ញុំមិនព្រលែងឱ្យរឿងនេះស្ងប់ស្ងាត់ជាដាច់ខាត។ ចុងក្រោយខ្ញុំសុំអភ័យទោសដល់រឿងដែលធ្វើសាងកំហុសឡើងមក រឿងណាដែលខ្ញុំខុស ខ្ញុំទទួលស្គាល់ សុំឱ្យបើកចិត្តជឿខ្លះផង Anna និង Hippo ទៅចូលរួមកម្មវិធីនេះ ព្រោះតែមិត្តភាពពួកយើងជាមួយ Tangmo គឺវាមានតម្លៃមិនអាចកាត់ថ្លៃបាន មិនមែនចង់ល្បីទេ»៕
ប្រភព៖ Kapook