ស្រណោះណាស់! មកពីមូលហេតុនេះទើប Aum រ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងពិធីបុណ្យសព Tangmo
កម្មវិធីបុណ្យសពរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ហើយ និង បានបន្សល់នូវភាពសោកសៅជាខ្លាំង ដល់មហាជន អ្នកគាំទ្រ មិត្តភក្ដិ ព្រមទាំងក្រុមគ្រួសាររបស់នាង។
ជាពិសេស អ្វីដែលមហាជនជាច្រើន ស្ទើរតែទូទាំងប្រទេសសរសើរគឺ Tangmo មានមិត្តដែលល្អៗជាច្រើន ចាំជួយក្នុងថ្ងៃបុណ្យនោះ។ មួយវិញទៀត មហាជនក៏បានដឹងថា អ្នកផ្តើមកម្មវិធី និង រ៉ាប់រងលើថ្លៃចំណាយក្នុងកម្មវិធីទាំងមូលគឺ កំពូលតារាស្រី Aum និង A ដែលជាអ្នកចាត់ការចាស់របស់នាងពីមុន។ យ៉ាងណាមិញ ជុំវិញមូលហេតុដែលនាំឱ្យ Aum ចេញមុខរ៉ាប់រងចំណាយធ្វើពិធីបុណ្យឱ្យ Tangmo នេះ ឃើញថា នាងមិនធ្លាប់បានទម្លាយនៅចំពោះមុខអ្នកកាសែតឡើយ។
ដោយឡែក ស្រាប់តែថ្មីៗនេះ មានគណនីផេកល្បីឈ្មោះមួយ ដែលជាហ្វេនផេកសម្រាប់អ្នកដែលស្រឡាញ់ Aum បានបង្ហោះថា៖ «គ្រប់គ្នាប្រហែលជាសង្ស័យហើយថា ហេតុអ្វីបានជា Aum ព្រមចេញថ្លៃចំណាយទៅលើបុណ្យ Tangmo ទាំងអស់នោះ ព្រោះតាមពិតទៅជាង ១៥ ឆ្នាំទៅហើយ ដែលតារាស្រីទាំងពីរបានស្គាល់គ្នា ថែមទាំងជាតារាដែលនៅផលិតកម្មជាមួយគ្នា និងមានអ្នកគ្រប់គ្រងដំបូងជាមួយគ្នាទៀត ជាហេតុធ្វើឱ្យអ្នកទាំងពីរមានភាពជិតស្និទ្ធគ្នា ទៅណាមកណា ឬដើរលេងជាមួយគ្នាជាញឹកញាប់ ជាពិសេស Aum ស្រឡាញ់ពេញចិត្ត Tangmo ខ្លាំង មិនត្រឹមតែជាអ្នកជិតស្និទ្ធទេ តែ Tangmo តែងតែដើរតាមគន្លង Aum មករហូតនៅក្នុងវិស័យសិល្បៈ»។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ មហាជនពិតជាមានក្តីរំភើបចំពោះទឹកចិត្តការស្រឡាញ់ដែល Aum មានចំពោះ Tangmo ណាស់ ហើយនាងក៏មិនបានបោះបង់មិត្ត និង ថែមទាំងបំពេញនូវភារកិច្ចយ៉ាងល្អឥតខ្ចោះ លើកចុងក្រោយឱ្យ Tangmo ទៀតផង៕
ប្រភព៖ daradaily