នេះជាមូលហេតុដែល Tono ទប់ចិត្តមិនបាន យំគគ្រូក នៅក្នុងពិធីបុណ្យសពអតីតភរិយា
ជាងកន្លះខែទៅហើយ ដែលតារាស្រី Tangmo បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តៗជាទីស្រឡាញ់នោះ។ ជាក់ស្តែង ពិធីបុណ្យសពរបស់នាងក៏ទើបតែបញ្ចប់ទៅ ទាំងបន្សល់ទុកនូវភាពសោកសៅរាប់មិនអស់ដល់មហាជន គ្រួសារ មិត្តភក្ដិ ឱ្យនៅស្តាយស្រណោះចំពោះការចាកចេញមួយនេះ។
អ្វីដែលមហាជនដាក់ក្រសែភ្នែកមើលខ្លាំងបំផុតនោះ គឺខណៈដែលបានឃើញអតីតស្វាមីរបស់ Tangmo លោក Tono បានចូលរួមជូនដំណើរអតីតភរិយាជាលើកចុងក្រោយដោយទឹកមុខក្រៀមក្រំ និង ទឹកភ្នែកស្រក់ហូរ ហាក់បង្ហាញក្តីស្រណោះដល់អតីតភរិយាជាខ្លាំង។
ដោយឡែក អ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើល និង កាន់តែស្រណោះខ្លាំងបំផុតគឺ ពេលដឹងពីមូលហេតុដែល Tono យំខ្លាំងនៅពេលជិតចប់កម្មវិធី ព្រោះតាមពិតពេលនោះលោកបានឃើញវីដេអូ Tangmo ដែលគេបានចាក់ឡើង ជាវីដេអូដែល Tangmo ច្រៀងចំរៀងជូនពរទៅកាន់លោកក្នុងថ្ងៃកំណើត អំឡុងពេលអ្នកទាំងពីរនៅទាក់ទងគ្នា។
យ៉ាងណាមិញ វាមិនត្រឹមតែធ្វើឱ្យលោករំជួលចិត្តតែម្នាក់ឡើយ តែសូម្បីតែមហាជនក៏រំជួលចិត្តមិនស្ទើរដែរ ខណៈដែលបានឃើញវីដេអូនេះលេចឡើងនៅថ្ងៃចុងក្រោយ នៃថ្ងៃជូនដំណើរនាងដោយគ្មានថ្ងៃត្រឡប់នោះ។