រៀបការជាង ១ ឆ្នាំ បំណងប្រាថ្នា ប៉ែន ស្រីពេជ្រ និង ស្វាមី ពេលនេះបានសម្រេចហើយ!
ពិធីការិនី ប៉ែន ស្រីពេជ្រ បានប្រកាសដំណឹងល្អមានផ្ទៃពោះលើកដំបូងជាមួយស្វាមីសំណព្វចិត្ត បន្ទាប់ពីពួកគេទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីរយៈពេលជាង ១ ឆ្នាំមកនេះ ដែលតំណក់ឈាមដំបូងរបស់ប្ដីប្រពន្ធអ្នកទាំងពីរ គឺជាកូនស្រីសមតាមបំណងរបស់ពួកគេទៀតផង។
ដ្បិតថា ប៉ែន ស្រីពេជ្រ និង ស្វាមី ទើបនឹងរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីជាង ១ ឆ្នាំ ប៉ុន្ដែពួកគេបានទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេល ៧ ឆ្នាំមកហើយ។ តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ព្រោះមិនត្រឹមតែទទួលបានកាដូធំក្នុងជីវិតទេ ងាកមកស្វាមីក៏ស្រឡាញ់ថ្នាក់ថ្នម មើលថែនាងមិនឱ្យចន្លោះឡើយ ជាពិសេសពេលដឹងថានាងកំពុងពពោះ។
ប៉ែន ស្រីពេជ្រ បង្ហាញអារម្មណ៍រំភើបខ្លាំងតាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុកដោយរៀបរាប់ថា ៖ «បំណងប្រាថ្នាពួកយើងទាំង២ បន្ទាប់ពីរៀបការ ពេលនេះបានសម្រេចហើយ អរគុណប្តីសម្លាញ់ចាប់តាំងពីដឹងថាអូន ទម្ងន់ខែទី១ រហូតដល់ខែទី៣នេះ បងមើលថែទាំអូនរហូត ហើយចាប់ពីដឹងថា ពួកយើងមានកូនស្រី ក៏រឹតតែថែទៀត សូមឱ្យបងបែបនេះរហូតណាប្តីសម្លាញ់ ហើយប៉ាម៉ាក់សន្យានឹងថែទាំកូនស្រីឱ្យបានល្អ រហូតដល់កូនមើលឃើញ ពិភពលោកថាស្រស់ស្អាតប៉ុនណា កូនគឺកម្លាំងចិត្ត គោលដៅឆ្នាំនេះយើងបានសម្រេចហើយ សង្ឃឹមគោលដៅឆ្នាំក្រោយយើងទាំង២ នឹងជោគជ័យបន្ត ទោះបីលំបាកយ៉ាងណា ក៏យើងខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ៧ year together love forever P&T»៕