![តារាស្រី Baitoey សោកស្តាយ មិនគួរណាជួបហេតុការណ៍នេះ ក្នុងថ្ងៃទៅចូលរួមកាន់ទុក្ខ Tangmo](https://www.popular.com.kh/wp-content/uploads/2022/03/Khom-2353.jpg)
តារាស្រី Baitoey សោកស្តាយ មិនគួរណាជួបហេតុការណ៍នេះ ក្នុងថ្ងៃទៅចូលរួមកាន់ទុក្ខ Tangmo
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Baitoey Suteewan Kunchorn បានមកចូលរួមកម្មវិធីបុណ្យសពតារាស្រី Tangmo ជាមួយនឹងក្តីអាឡោះអាល័យយ៉ាងខ្លាំង ក្នុងនោះនាងក៏បានជួបតារាៗជួរមុខជាច្រើន និង បានផ្តល់ក្តីនឹករឭកសួរសុខទុក្ខគ្នាផងដែរ។
អ្វីដែលនឹងស្មានមិនដល់ ក្នុងពេលដែលតារាស្រី Baitoey កំពុងចូលរួមកម្មវិធីនោះ នាងស្រាប់តែបានបាត់កាបូបយួរដៃរបស់ខ្លួន បន្ទាប់ពីនាងបានចូលទៅបន្ទប់ទឹក និង បានភ្លេចវានៅទីនោះ។ បើតាមលោក Atom SP ដែលគេស្គាល់ថាជាមិត្តសិល្បៈម្នាក់របស់ Baitoey បានសរសេររៀបរាប់ថា បន្ទាប់ពីសួរសុខទុក្ខគ្នារួច Baitoey បានសុំខ្លួនចូលទៅបន្ទប់ទឹក និង ពេលចេញមកវិញ ក៏មកជួបសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយនាងបានភ្លេចកាបូបក្នុងបន្ទប់ទឹក។
Atom បានបន្តថា ក្រោយ Baitoey បានដឹងថាខ្លួនបានភ្លេចកាបូបនោះ នាងក៏បានប្រញាប់ទៅស្វែងរកក្នុងបន្ទប់ទឹកភ្លាម តែមិនបានរកឃើញនោះទេ ដែលបានបង្កឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះ Atom ក៏បានសុំឱ្យអ្នកដែលបានឃើញកាបូបរបស់ Bai Toey សូមជួយយកកាបូបឱ្យនាងវិញផងដែរ។
យ៉ាងណាមិញ សម្រាប់តារាស្រី Baitoey បានបញ្ជាក់ដែរថា នាងបានរាយការណ៍ដល់សមត្ថកិច្ចរួចហើយដែរ ទាក់ទងនឹងករណីបាត់ការបូបនេះ ហើយជាមួយគ្នានោះនាងក៏បានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង មិនគួរណាកើតមានរឿងនេះក្នុងពេលដែលគ្រប់គ្នាកំពុងកាន់ទុក្ខដូច្នេះឡើយ ៕