(វីដេអូ) អ្នកចាស់ជួបអ្នកថ្មី តែម្នាក់ៗខូចចិត្តយំរហូត ថ្ងៃជុំគ្នាជូនដំណើរ Tangmo លើកចុងក្រោយ
កម្មវិធីបុណ្យសពតារាសម្តែង Tangmo ដែលរៀបចំ ៣ ថ្ងៃ គឺទី ១១-១២-១៣ ខែមីនា ឆ្នាំ ២០២២ ក្រោមការចាត់ចែងពីតារាស្រី Aum និង លោក A បានចប់សព្វគ្រប់ហើយ ដោយកម្មវិធីបុណ្យនេះ គេកត់សម្គាល់ឃើញមានការចូលរួមពីសំណាក់តារាល្បីៗ សាច់ញាតិ មិត្តភក្តិ និង អ្នកគាំទ្រយ៉ាងច្រើន ដើម្បីសម្តែងក្តីមរណទុក្ខ និង ជូនដំណើរតារាសម្តែង Tangmo លើកចុងក្រោយ។
យ៉ាងណាមិញ ក្នុងចំណោមអ្នកបានចូលរួមនោះ គេក៏បានកត់សម្គាល់ឃើញតារាចម្រៀង Tono ដែលជាអតីតស្វាមី និង ជាមនុស្សដែល Tangmo ធ្លាប់ស្រឡាញ់បំផុតបានចូលរួមដែរ។ ស្របគ្នានោះ សូម្បីតែ Nick ដែលជាសង្សារ ក៏បានបង្ហាញវត្តមានក្នុងពិធីបុណ្យសព Tangmo ដើម្បីជូនដំណើរនាងចុងក្រោយដែរ។
អ្វីដែលចាប់អារម្មណ៍នោះ វត្តមានអ្នកចាស់ទាំងពីរ ក៏ត្រូវបានទទួលស្វាមគមន៍យ៉ាងកក់ក្តៅពី Bird ដែលជាអ្នកថ្មីរបស់តារាស្រី Tangmo ដែរ ជាមួយកាយវិការដ៏គួរឱ្យគោរព ហើយម្នាក់ៗក៏បានបង្ហាញពីក្តីទុក្ខសោកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ជាក់ស្តែង ក្នុងរូបភាពមួយនោះ អ្នកគាំទ្របានឃើញតារាចម្រៀង Tono និង Bird បានផ្តល់ការស្វាគមន៍គ្នា ដោយបានឱបផ្តល់ក្តីគោរពចំពោះគ្នា និង ម្នាក់ៗពោរពេញដោយទឹកភ្នែក។
គួរឱ្យដឹងដែរថា ទោះបីជាពិធីបុណ្យសពតារាសម្តែង Tangmo បានបញ្ចប់ទៅហើយក្តី ប៉ុន្តែពិធីបូជាសពដែលគេកំណត់យកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ ត្រូវបានលើកពេលហើយ ដើម្បីទុកសាកសពពិនិត្យកោសល្យវិច័យស៊ើបអង្កេតបន្ត៕