បង្ហាញវីដេអូ 3D បែបលម្អិត ត្រាប់តាមហេតុការណ៍ពេល Tangmo ធ្លាក់ទឹក តាមចម្លើយមិត្តរួមទូក
ក្រោយពីតារាសម្តែងស្រី Tangmo បានបាត់បង់ជីវិតយ៉ាងគួរឱ្យសង្ស័យដោយការធ្លាក់ទឹកមក វីដេអូ 3D ត្រាប់តាមសកម្មភាពពេលកើតហេតុ ក៏ត្រូវបានបានគេធ្វើឡើងផ្អែកតាមចម្លើយសារភាពរបស់អ្នកនៅរួមទូកជាមួយ ដើម្បីជាទុកជាការពិចារណា និង ភស្តុតាង។
យ៉ាងណាមិញ ថ្មីៗនេះ វីដេអូ 3D ត្រាប់តាមថ្មីមួយទៀតហើយ ដែលគេបានធ្វើឡើងជាលក្ខណៈលម្អិត តាមការស្រាវជ្រាវត្រួតពិនិត្យទៅលើសាកសពរបស់ និង តាមចម្លើយសារភាព ក៏ដូចជាតាមកាម៉េរាសុវត្ថិភាព ដែលនៅក្បែរកន្លែងកើតហេតុ។
ក្នុងវីដេអូនេះ បានបង្ហាញឱ្យឃើញថា ដំបូងឡើយនៅពេលកើតហេតុ ហាយសូរ Robert ជាអ្នកបើកបរទូក ហើយ Tangmo បានឈរនៅក្បាលទូក ដោយមានហាយសូរ Poh ឈរនៅពីក្រោយ មើលទៅហាក់ដូចជាយកដៃទប់ខ្នងនាងជាប់។
ក្រោយមក Tangmo ក៏បានឈឺបត់ជើងតូច នាងក៏បានដើរទៅចុងទូកខាងស្តាំ ដែលមាន Sand អង្គុយលេងទូរសព្ទនៅទីនោះ នាងក៏បានតោងជើង Sand ដើម្បីបត់ជើងតូច ហើយនៅពេលរួចរាល់ នាងក៏លែងដៃងើបឈរឡើង ហើយក៏ឆ្លៀតចងស្បៃដែលស្លៀកនោះឱ្យត្រឹមត្រូវវិញ ខណៈនោះហាយសូរ Robert ក៏បានបន្ថែមល្បឿនទូក ធ្វើមានការកន្ត្រាក់ ហើយ Tangmo ក៏បានភ្លាត់ដួលមកតោងជើង Sand ម្តងទៀត តែទំនងជាការកន្រ្តាក់ខ្លាំង Sand ក៏រមៀលខ្លួនផ្អៀងទៅតាមកម្លាំង ធ្វើឱ្យ Tangmo តោងលែងជាប់ ក៏របូតដៃធ្លាក់ទៅក្នុងទឹកតែម្តង។
តាមការត្រួតពិនិត្យ គេក៏បានឃើញមានសរសៃសក់នៅម្តុំចុងទូកខាងស្តាំ និង ខាងក្រោមទូកដូចគ្នា ហើយគេសន្និដ្ឋានថា ក្រោយពីបានធ្លាក់ចូលទៅក្នុងទឹករួច Tangmo អាចត្រូវកម្លាំងទឹកទាញឱ្យចូលទៅក្រោមទូក ទើបធ្វើឱ្យជើងស្តាំប៉ះទៅនឹងស្លាបចក្ររបស់ទូក រហូតបង្កឱ្យមានស្នាមរបួសយ៉ាងធំនោះ៕
សូមទស្សនាវីដេអូខាងក្រោម៖