ក្រោយក្លាយជាម្ចាស់ពាន សួ វិចិត្រ បង្ហាញនារីម្នាក់ជាចំណែកមួយ ជួយលោកឈ្នះពាន Beat The Best
ពិតណាស់ កាលពីរាត្រីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ លោក សួ វិចិត្រ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួន ដែលបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ ក្រោយពីធ្វើការប្រឡងប្រជែងនឹងបេក្ខភាពខ្លាំងៗជាច្រើនវគ្គនោះ។
ជាមួយនឹងការទទួលបានពានរង្វាន់ Beat The Best ដំបូងរបស់កម្ពុជានេះ លោក សួ វិចិត្រ ធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងជាច្រើន មានការរំភើបចិត្តជំនួស និង បានធ្វើការអបអរសាទរ ព្រមទាំងសម្ដែងនូវការពេញចិត្តចំពោះម្ចាស់ពានរូបនេះជាខ្លាំង ព្រោះថា វិចិត្រ គឺជាបេក្ខជនដ៏លេចធ្លោ ពោរពេញដោយសមត្ថភាព និង ធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ។
ដោយឡែក ក្រោយពីក្លាយជាម្ចាស់ពាន Beat The Best នេះប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ គេក៏បានឃើញលោក សួ វិចិត្រ បង្ហោះសារលើបណ្ដាញសង្គមបង្ហាញមុខនារីម្នាក់ដែលជាចំណែកមួយនៅពីក្រោយភាពជោគជ័យរបស់លោក ខណៈពេលដែលប្រឡងនាងបានជួយស្វះស្វែងរក និង រៀបចំសម្លៀកបំពាក់ឱ្យលោកឡើងលើឆាកប្រកួតដែលបានជួបការលំបាកជាច្រើន។
ក្នុងនោះ លោក សួ វិចិត្រ បង្ហោះរូបភាពថតជាមួយនារីរូបនោះ ដោយភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ក្មេងស្រីដែលនៅពីក្រោយសម្លៀកបំពាក់ដែលខ្ញុំស្លៀកឡើងប្រឡងចាប់ពីវគ្គ Beat The Live សប្តាហ៍ទី 2 គាត់តែងតែឌុបខ្ញុំដើររកខោអាវស្ទើរតែពេញទីក្រុងភ្នំពេញ ទាំងអាវកាត់ ទាំងអាវទិញស្រាប់ ជឿថាគាត់ហត់ណាស់ តែរាល់ពេលដែលខ្ញុំសួរគាត់ថាហត់ឬទេ? គាត់ថាអត់ហត់ទេ ម៉ូតូ Scoopy មួយជិះពេញក្រុង ឡានបុកទាំងពីរនាក់ទៀត Meychinh Taing»៕