កូនស្រីភ្លោះកាន់តែធំ នាយក្រឹម ពោលអួតក្ដែងៗ ក្រោយឃើញកូនមានដុងនេះកាត់តាមខ្លួន
ដូចមហាជនបានជ្រាបមកហើយពីរឿងរ៉ាវឯកជនរបស់តារាកំប្លែងជើងចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ក្រោយពីបានចាប់ដៃសាងគ្រួសារថ្មីជាមួយនឹងតារាកំប្លែង ស្រីលាភ យ៉ាងមានសុភមង្គល និង ទទួលបានចំណងដៃកូនស្រីភ្លោះដ៏គួរឱ្យស្រឡាញ់នៅអំឡុងឆ្នាំ ២០១៧។
បើគិតមកពេលនេះ ជីវិតគ្រួសាររបស់តារាកំប្លែងរូបនេះ កាន់តែទទួលបានសុភមង្គលយ៉ាងពេញទំហឹង មានទាំងសម្បត្តិទ្រព្យ និង ក្រុមគ្រួសាររស់នៅយ៉ាងមានក្ដីសុខ ជាពិសេសចាប់អារម្មណ៍ចំពោះ កូនស្រីភ្លោះដ៏គួរឱ្យស្រឡាញ់ទាំងពីរនេះ ក៏កាន់តែលូតលាស់ធំឡើងជាមួយនឹងភាពឆ្លាតវៃ និង ស្រស់ស្អាតខ្លាំង ដែលតែងឃើញ នាយក្រឹម បញ្ចេញរូបភាពជុំគ្រួសារ និង សកម្មភាពផ្សេងៗរបស់កូននោះ។
ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ ក្រោយពីបានឃើញតារាកំប្លែងប្រុសរូបនេះបញ្ចេញរូបភាពកូនស្រីភ្លោះទាំងពីររបស់ខ្លួន បង្ហាញពីសកម្មភាពទឹកមុខយ៉ាងក្រមិចក្រមើមគួរឱ្យក្នាញ់របស់ពួកគេប្រៀបដូចមានដុងកំប្លែងកាត់តាមឪពុក ដែលលោកថែមទាំងពោលអួតថាកូនកាត់តាមឈាមឪពុកដែលតារាកំប្លែងទៀតផង។ ក្នុងនោះ នាយក្រឹម បានបង្ហោះរូបភាពកូនស្រីភ្លោះទាំងពីរភ្ជាប់ជាមួយនឹងសារថា ៖ «ឈាមអ្នកកំប្លែងតែប៉ុណ្ណឹង កូនភ្លោះ នាយក្រឹម ណាបាទ»។
ទន្ទឹមនឹងនោះដែរ ក្រោយឃើញរូបភាពទាំងនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតាមដានរបស់តារាកំប្លែង នាយក្រឹម បានធ្វើការខមមិនសរសើរពីភាពវៃឆ្លាត និង គួរឱ្យស្រឡាញ់របស់កូនស្រីភ្លោះរបស់លោកគ្រប់គ្នាផងដែរ៕