ផ្ទុះផ្អើល! លែងលះស្វាមី ៤ ខែ សាន់ឆាយ ប្រកាសរៀបការជាមួយសង្សារចាស់កាលពី ២០ ឆ្នាំមុន
នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ នេះ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាចម្រៀងរ៉េបជើងចាស់កូរ៉េ និង DJ ល្បីមួយរូបដែលមានឈ្មោះថា Koo Jun Yup មានវ័យ ៥២ ឆ្នាំ បានចេញសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលមួយតាមរយៈ Instagram របស់ខ្លួន។
តារារូបនេះបានបង្ហើបនៅថ្ងៃនេះថា លោកបានចុះអេតាស៊ីវិល រួមរស់ជាមួយកំពូលតារាស្រីតៃវ៉ាន់ Barbie Hsu ចាប់ពីពេលនេះតទៅ។
Koo Jun Yup បានបង្ហោះសារថា៖ «ខ្ញុំរៀបការហើយ។ ខ្ញុំចង់ភ្ជាប់ចំណងចាស់ ដែលខ្ញុំមិនអាចបញ្ចប់ជាមួយមិត្តស្រីរបស់ខ្ញុំកាលពី 20 ឆ្នាំមុន។ ខ្ញុំបានឮថា នាងបានលែងលះជាមួយស្វាមី ហើយខ្ញុំក៏បានស្រាវជ្រាវទាក់ទងទៅនាង តាមរយៈលេខទូរស័ព្ទរបស់នាង ដែលប្រើកាលពី ២០ ឆ្នាំមុន។ ជាសំណាងល្អ នាងនៅតែប្រើលេខដដែល។ ពួកយើងស្ថិតក្នុងវ័យមួយ ដែលមិនអាចខ្ជះខ្ជាយពេលវេលារបស់យើង ដោយឥតប្រយោជន៍បានទេ ដូច្នេះ ខ្ញុំបានស្នើសុំនាងរៀបការ ហើយនាងក៏ឆ្លើយថាយល់ព្រម។ ដូច្នេះ យើងសម្រេចថារួមរស់ជាមួយគ្នា បន្ទាប់ពីចុះឈ្មោះអេតាស៊ីវិល។ សូមចូលរួមអបអរសាទរដល់ខ្ញុំផង ចំពោះការរៀបអាពាហ៍ពិពាហ៍ដ៏យឺតរបស់ខ្ញុំ»។
គួរឱ្យដឹងផងដែរថា កំពូលតារាស្រីនាង Barbie Hsu ឬ សាន់ឆាយ ទើបតែបានដាក់ពាក្យលែងលះជាមួយអតីតស្វាមី ដែលជាពាណិជ្ជករល្បីឈ្មោះជនជាតិចិន លោក Wang Xiaofei ក្រោយរួមរស់ជាមួយគ្នា ១១ ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ៕