Sornram ឆេះឆួល បោះសម្តីធ្ងន់ៗ ក្រោយឃើញម្តាយ Tangmo ឧបមារឿងលុយ ៣០ លានបាត
ថ្មីៗនេះ កិច្ចសម្ភាសរបស់អ្នកម្តាយ Tangmo ក្នុងកម្មវិធី Hone Krasae បានក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីគាត់បានលើកនិយាយពី ៖ «ទឹកប្រាក់សងជំងឺចិត្តចំនួន ៣០ លានបាត និង ការអត់ឱនទោសឱ្យហាយសូរ Poh ហើយនិយាយសរសើរពេញមាត់ថាជាមនុស្សសុភាព មានភាពស្មោះត្រង់ ហើយតែងខលមកគាត់បញ្ជាក់ពីការខូចចិត្តរៀងរាល់ថ្ងៃ»។
យ៉ាងណាមិញ ក្រោយឃើញកិច្ចសម្ភាសមួយនេះ មានមហាជនជាច្រើនហាក់មិនសប្បាយចិត្ត និង ស្រងាកចិត្តជាខ្លាំង ហើយក៏ធ្វើឱ្យកើតមានការរិះគន់ឡើងមក។ ក្នុងនោះក៏មានតារាប្រុសជើងចាស់លោក Num Sornram ចេញមុខឆ្លើយតបក្នុងរឿងនេះដូចគ្នា។
Num Sornram បានបង្ហោះសារថា ៖ «អុញ…!!!
– សម្ភាសលើករឿងលុយមកនិយាយ ហើយថាគ្រាន់តែឧបមា ហើយដល់ពេលប្រាប់ពិធីករ មិននិយាយថា «ឧបមា» ផង តែប្រកាសខ្ទង់លេខថា ៣០ លាន
– មានអ្នកធំណែនាំឱ្យទាក់ទងមេធាវី (ដុតខ្ញុំមែន) … ប្រាប់ថាទាក់ទងមកបាន ២ សប្តាហ៍ហើយ… ទាំងដែលប្អូន Tangmo ទើបស្លាប់បានប្រមាណជាង ៨ ថ្ងៃហ្នឹង រាប់ត្រឹមយប់ថ្ងៃសម្ភាស (៤/៣/២០២២)
– យល់ព្រមលើកទោសឱ្យ ហើយទទួលស្គាល់ជាកូនមើលថែ ទាំងតែមិនទាន់ដឹងថាកូនពិតប្រាកដរបស់ខ្លួនឯង ស្លាប់ដោយសារអ្វីនៅឡើយ?
– ចាប់បាល់បានហើយ ស៊ុតតែម្តងទៅ… បំណងល្អពីខ្ញុំ»។
គួរបញ្ជាក់ឱ្យដឹងដែរថា ក្នុងរង្វង់សិល្បៈ Sornram គឺជារៀមច្បងមួយរូបដែលចាត់ទុក Tangmo គឺជាកូនស្រីធម៌ ហើយពេលដឹងថានាងជួបបញ្ហាលោកហាក់ស្លុតចិត្តជាខ្លាំង ហើយលោកក៏ជាតារាប្រុសម្នាក់ដែលតែងឈឺឆ្អាលនឹងរឿងរបស់ Tangmo តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលបច្ចុប្បន្ននេះ៕
ប្រភព៖ AmarinTV