អ្នកសិល្បៈខ្មែរ ៤ គូ ហ៊ានបង្ហាញទំហំស្នេហ៍មិនលាក់លៀម មួយគូៗកំពុងផ្អែមល្ហែមនឹងគ្នាខ្លាំង
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនបានដឹកគ្នាគូស្នេហ៍ ឬមនុស្សដែលខ្លួនស្រឡាញ់ចូលរោងការតាមប្រពៃណី ដោយមានអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនអធិកអធម ដើម្បីជាសក្ខីភាពបញ្ជាក់ពីការបញ្ចប់ភាពនៅលីវងាកទៅប្រើជីវិតមានប្ដីប្រពន្ធរបស់ពួកគេ ហើយក្នុងនោះ ពួកគេក៏ចង់ប្រកាសប្រាប់មហាជនឱ្យបានជ្រាបជីវិតឯកជនរបស់ពួកគេផងដែរ។
ធម្មតាមនុស្សប្រុសស្រីពេលធំពេញរូបពេញរាងត្រូវតែមានគូស្រករ មានបេះដូងចេះស្រឡាញ់ ចេះស្អប់ នេះគឺជាច្បាប់ធម្មតា។ តួយ៉ាងដូចអ្នកសិល្បៈខ្មែរ ៤ គូនេះ ពួកគេបានប្រកាសពីទំនាក់ទំនងស្នេហ៍បង្ហាញឱ្យសាធារណៈបានដឹងដោយមិនលាក់លៀមឡើយ ៖
១. ទេព បូព្រឹក្ស និង ជី ដេវីត
តារាចម្រៀងយុវវ័យទាំងពីររូបនេះ ចាប់ផ្តើមចំណងស្នេហាជាមួយគ្នាតាំងពីពួកគេស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ ទំនាក់ទំនងស្នេហារវាង ទេព បូព្រឹក្ស និង ជី ដេវីដ ក៏នៅតែល្អូកល្អិនបង្ហាញភាពផ្អែមល្ហែមស្ទើររាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ហាក់រវល់ក្នុងការមើលថែមុខជំនួញឱ្យគ្នាទៅវិញទៅមកផងដែរ ។
២. ស៊ីន យូប៊ីន និង ខាត់ វៃហាំង
រយៈពេលជាង ៧ ឆ្នាំមកហើយ ដែលតារាសម្តែងស្រីប្រុស ស៊ិន យូប៊ីន និង ខាត់ វៃហាំង មានទំនាក់ទំនងស្នេហានឹងគ្នា ទោះបីជាអ្នកទាំងពីរទើបតែបានសារភាពដល់មហាជនកាលពីឆ្នាំ ២០១៨ ក៏ដោយ។ តារាគូនេះ ធ្វើឱ្យមហាជនមានការសរសើរទាំងជីវិតគូក្នុងការសម្តែងខ្សែភាពយន្ត និង ជីវិតគូនៅក្នុងជីវិតពិត ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏សង្ឃឹមថាថ្ងៃណាមួយនៅក្នុងជីវិតអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងជ័យ ដូចជារឿងដែលពួកគេបានសម្តែង ។
៣. សយ រតនៈ និង ប៉ាច គីមមួយ
តារាចម្រៀងប្រុសស្រីពន្លកក្រោយមួយគូនេះ បានប្រកាសពីទំនាក់ទំនងស្នេហ៍របស់ពួកគេដល់មហាជនអ្នកគាំទ្រនៅដើមឆ្នាំ ២០២២ ហើយមកទល់នឹងថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងប្រុសស្រីគូនេះ បានដឹកដៃគ្នាភ្ជាប់ពាក្យផ្អើលអ្នកសិល្បៈជាច្រើនចូលរួម។
៤. ម៉ៅ គឹមធីតា និង គូម៉ា
រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា មានចំណងស្នេហ៍ ហើយបង្ហាញដល់សាធារណៈជនដោយមិនលាក់លៀម ។ ក្នុងនោះគេសង្កេតឃើញតារាគូនេះ ក៏បានណែនាំគ្នាដល់ឪពុកម្តាយ និងក្រុមគ្រួសាររៀងៗខ្លួនបានស្គាល់រួចមកហើយដែរ ។ យ៉ាងណាក៏ដោយ ថ្ងៃមង្គលនៅពេលណានោះក៏មិនទាន់ដឹង តែមហាជនក៏សង្ឃឹមថានឹងបានឃើញអ្នកទាំងពីរក្នុងឈុតកូនក្រមុំកូនកំលោះក្រាបផ្ទឹមនឹងគ្នាឆាប់ៗ៕