(វីដេអូ) យុគ ចិន្តា ព្យាយាមទប់អារម្មណ៍ តែទឹកភ្នែកហូរច្រោក ពេលឃើញរូបភាពទាំងនេះ
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ ពិធីការិនីដ៏ឆ្នើម អ្នកនាង យុគ ចិន្តា មានការចាប់អារម្មណ៍ និងរំជួលចិត្តតាមអ្នកនាងខ្លាំង ក្រោយពីបានទស្សនាវីដេអូកិច្ចសម្ភាសន៍របស់អ្នកនាងក្នុងកម្មវិធី 3 Fun ដែលអ្នកនាងទប់អារម្មណ៍មិនបានទឹកភ្នែកហូរច្រោកៗពេលបានឃើញកម្រងរូបភាពអនុស្សាវរីយជាមួយម្ដាយជាទីគោរពស្រឡាញ់បំផុត ដោយបានលាចាកលោកគ្មានថ្ងៃត្រឡប់នោះ។
គួររឮកផងដែរថា អ្នកម្តាយរបស់ពិធីការិនីល្បីឈ្មោះរូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដែលបានបន្សល់នូវសេចក្ដីទុក្ខសោកយ៉ាងខ្លាំងដល់កូនៗ និងក្រុមគ្រួសារទាំងមូល។
ពិតណាស់ ក្រោយពីម្ដាយជាទីស្រឡាញ់បានលាចាកលោកគ្មានថ្ងៃវិលវិញ មហាជនឃើញថា អ្នកនាង យុគ ចិន្តា តែងបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រឡាញ់រូបនេះ ដោយជារឿយៗ អ្នកនាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តឡើយ។
ជាក់ស្ដែងក្នុងវីដេអូកិច្ចសម្ភាសន៍នេះដែរ អ្នកនាង យុគ ចិន្តា ក៏បានធ្វើការបង្ហាញពីអារម្មណ៍ទាំងទឹកភ្នែកទម្លាយមូលហេតុធ្វើឱ្យអ្នកនាងពិបាកទទួលយក និង កាត់ចិត្ត ក្ដីរំឭកពីម្ដាយពុំបានសោះ រហូតមិនចង់ហ៊ានមើលរូបភាពម្ដាយទៀតផង។
ក្នុងនោះ អ្នកនាង យុគ ចិន្តា បានរៀបរាប់ថា ៖ «ប្រាប់ខ្លួនឯងហើយថាអត់យំ តែទីបំផុតលួចយំតតែបាន ពេលខ្លះអត់អីទេ ប៉ុន្តែសម្រាប់អារម្មណ៍របស់បងម្ដងៗ បងអត់ដែលចង់មើលរូបភាពគាត់ទេ ពេលខ្លះអត់ចង់រំឭក អត់ចង់ឃើញ ព្រោះតែមើលទៅរំជួលចិត្ត ព្រោះមានអារម្មណ៍ថាម៉េចក៏លឿនម្ល៉េះ។
បងអត់បានត្រៀមថាម្ដាយខ្លួនឯងត្រូវបាត់បង់ជីវិត ទាំងស្អាត ទាំងម្ដាយអត់មានបញ្ហាអ្វីទាំងអស់ តែទីបំផុតគាត់បាត់បង់ទៅ ដោយអត់បានត្រៀមទុក អ្វីដែលសោកស្ដាយត្រង់ថាបើម្ដាយរបស់បង គាត់ឈឺ ហើយបងត្រូវចំណាយប្រាក់ ពេលវេលាជាច្រើនព្យាបាលគាត់ហើយ បានគាត់បាត់បង់ជីវិត គឺបងអត់ស្ដាយទេ តែម្ដាយនៅធម្មតា និយាយធម្មតា តែបាត់បង់ទៅមួយប៉ប្រិចភ្នែក បានជាធ្វើឱ្យបងមានវិប្បដិសារីក្នុងជីវិតបងខ្លាំងណាស់»៕
សូមទស្សនាវីដេអូខាងក្រោម៖