ស្ញប់ស្ញែង! តួនាង ចាំងគីម បរិច្ចាគលុយជាង ៨ ម៉ឺនដុល្លារ ជួយទៅដល់អ៊ុយក្រែន
តារាសម្ដែងកូរ៉េដ៏ល្បី Lee Young Ae ដែលមហាជនខ្មែរស្គាល់ច្បាស់ជាតួអង្គនាង ចាំងគីម នោះ កំពុងទទួលបានការសរសើរស្ញប់ស្ញែងចំពោះទង្វើសប្បុរសធម៌របស់នាងជាខ្លាំង ក្រោយរូបនាងបានធ្វើការបរិច្ចាគប្រាក់ច្រើនសន្ធឹកសន្ធាប់ជួយផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នេះ សារព័ត៌មាន Allkpop បានចេញផ្សាយថា តារាសម្ដែងស្រី Lee Young Ae បានធ្វើការបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (៨៣ ៣២៩ ដុល្លារ) ដើម្បីជាការជួយទៅដល់ប្រទេសអ៊ុយក្រែន ដែលកំពុងជួបប្រទះសង្គ្រាមជាមួយនឹងរុស្ស៊ីនោះ។ ព្រមគ្នាជាមួយនឹងសែកមួយសន្លឹក តារាស្រីវ័យ ៥១ ឆ្នាំរូបនេះ ក៏បានអមមកដោយសំបុត្រសរសេរដោយដៃមួយសន្លឹករៀបរាប់ពីអារម្មណ៍របស់នាងដែរថា ៖
ជូនចំពោះប្រជាជនអ៊ុយក្រែនជាទីស្រឡាញ់!
«ខ្ញុំ Lee Young Ae ជាតារាសម្ដែងមកពីប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមខ្ញុំជាសមាជិកម្នាក់នៃក្រុមគ្រួសារអតីតយុទ្ធជនសង្គ្រាម ខ្ញុំយល់អារម្មណ៍ដ៏ឃោរឃៅបំផុតនៃសង្គ្រាមច្បាស់ជាងនរណាទាំងអស់។ ខ្ញុំពិតជាសំណូមពរចង់ឱ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនណាស់ និង សុំឱ្យមានសុខសន្តិភាពឡើងវិញ។ ខ្ញុំបួងសួងសុំឱ្យពលរដ្ឋអ៊ុយក្រែនទាំងអស់ប្រកបដោយសុខុមាលភាព និង សុវត្ថិភាព។
ជូនចំពោះពលរដ្ឋអ៊ុយក្រែនដែលស្រឡាញ់សេរីភាព និង សន្តិភាព។ ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាកុំអស់សង្ឃឹម និង បាត់បង់ភាពក្លាហាន។ ក្នុងនាមជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលស្រឡាញ់សន្តិភាពក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំចង់ផ្ដល់ជូនទឹកចិត្តបន្តិចបន្តួច ប៉ុន្តែកើតចេញពីបេះដូងពិតៗទៅកាន់ពលរដ្ឋអ៊ុយក្រែនទាំងអស់។ សូមព្រះតាមថែរក្សាអ្នកទាំងអស់គ្នា»៕