អុញនុះ! ពេលអ្នកកាសែតឃើញស្នាមរបួសលើខ្លួន Job ស្រាប់តែ Poh ឃាត់មិនឱ្យថត និង សុំឱ្យលុបរូបចេញវិញ
មកទល់ពេលនេះរឿងរ៉ាវការស្លាប់របស់ តារាស្រី Tangmo កំពុងតែធ្វើឱ្យមហាជន ក៏ដូចជាជនថៃស្ទើរតែទូទាំងប្រទេសទៅហើយ ដែលកំពុងតែផ្ទុះការវែកញែក និង មិនអស់ចិត្តចំពោះការស្លាប់របស់នាងថា ហាក់មានអាថ៌កំបាំងនៅពីក្រោយ ដោយម្នាក់ៗផ្ទុះការសង្ស័យថាជាអំពើឃាតកម្ម។
ជាក់ស្តែង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ គេសង្កេតឃើញមានមិត្តរួមទូក ៤ នាក់ នៅក្នុងហេតុការណ៍ការស្លាប់របស់ Tangmo បានចូលខ្លួនទម្លាយរឿងហេតុដែលបានកើតឡើងនៅលើទូក បង្ហាញទៅដល់មហាជននៅក្នុងកម្មវិធីព័ត៌មានមួយរបស់ថៃ។
យ៉ាងណាមិញ អ្វីដែលមហាជនកំពុងផ្ទុះការសង្ស័យកាន់តែខ្លាំងនោះ គឺនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ នេះ ដោយលោក Sorrayuth អ្នកអានព័ត៌មានល្បីម្នាក់បានទម្លាយថា ក្រោយបុគ្គលទាំង ៤ នាក់ ដែលជាអ្នកនៅលើទូកជាមួយ Tangmo បានផ្តល់ចម្លើយក្នុងកម្មវិធីចប់រួចមក ស្រាប់តែត្រូវអ្នកសារព័ត៌មានប៉ុស្តិ៍ទូរទស្សលេខ ៣ ម្នាក់ បានស្នើឱ្យលោក Job ជាម្ចាស់អាវដែលមានបញ្ហា ដោះអាវដែលពាក់នឹងខ្លួនចេញ ហើយផ្លាស់ប្តូរជាមួយអាវដែលពាក់នៅក្នុងថ្ងៃកើតហេតុម្តងទៀត។
ខណៈពេល Job ដោះអាវ ស្រាប់តែឃើញមានស្នាមរបួសជាច្រើនកន្លែងនៅលើដងខ្លួនរបស់ Job ដែលស្នាមរបួសទាំងនោះមាន ស្នាមជាំនៅពីក្រោយក្បែរក្លៀកខាងឆ្វេង ស្នាមកោសនៅនឹង-ក និង មួយទៀត មានស្នាមរបួសនៅដៃខាងឆ្វេង។ ជុំវិញមុខរបួសនៅលើដងខ្លួន Job នេះដែរ អ្នកសារព័ត៌មានក៏បានសួរទៅកាន់លោកថា ហេតុអ្វីលើដងខ្លួនសុទ្ធតែស្នាមរបួសបែបនេះ? ខណៈពេលនោះ Job ក៏បានផ្តល់ចម្លើយដ៏សែនហួសចិត្តថា លោកដួលនៅលើទូក ខណៈពេលដែលកំពុងតែតាមរក Tangmo។
ទោះជាយ៉ាងណា អ្នកសារព័ត៌មានដែលបានស្នើឱ្យ Job ដោះអាវនោះ ពេលនេះលោកបានចេញមុខបង្ហាញរូបភាពនៃស្នាមរបួសដែលថតបានលើខ្លួន Job ឱ្យមហាជនបានឃើញហើយ។ ជាមួយគ្នានោះដែរ គេក៏បានបង្ហាញទៀតថា សូម្បីតែនាង Sand និង ហាយសូរ Poh ក៏មានស្នាមរបូសឆូតបែបនោះដែរ ពោលគឺនាង Sand មានស្នាមឆូតនៅលើសៀតផ្កាខាងឆ្វេង ចំណែកឯហាយសូ Poh ក៏មានស្នាមរបួសឆូតនៅលើដៃខាងស្តាំ។
លើសពីនេះទៅទៀត បើតាមការឱ្យដឹងពីអ្នកសារព័ត៌មានដែលបានថតស្លាកស្នាម Job បានបន្តថា ពេលខ្លួនកំពុងថតខ្លួន Job ស្រាប់តែ Job និយាយថាធ្វើបែបនេះលោកមិនពេញចិត្តទេ។ មិនយូរប៉ុន្មាន Poh ក៏បានដើរមកទាំងអារម្មណ៍ម៉ួមៅ រួចនិយាយឱ្យអ្នកព័ត៌មានថា ឱ្យលុបរូបនោះចេញ តែខាងព័ត៌មានក៏មិនបានធ្វើតាមឡើយ ព្រោះគ្មានរឿងអ្វីត្រូវលុបឡើយ រហូតសកម្មភាព និង ពាក្យសម្តីមួយនេះ កាន់តែធ្វើឱ្យមានការសង្ស័យកាន់តែខ្លាំងថា ដូចមានពិរុទ្ធ ឬ ខ្លាចធ្លាយអាថ៌កំបាំងអ្វីមួយ៕
ប្រភព៖ khaosod