Anna ត្រៀមប្តឹងអ្នកបង្ហោះរូប និង វីដេអូសព Tangmo ពេលដែលគេស្រង់សពចេញពីទឹក
អស់ជិតមួយសប្តាហ៍ទៅហើយ ដែលរឿងរ៉ាវការស្លាប់ដោយការធ្លាក់ទឹករបស់តារាសម្តែងស្រី Tangmo នៅតែបន្តជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ក្នុងនោះមហាជនម្នាក់ៗតាមដានស្ទើរមិនដាច់ តាំងពីពេលចេញរកនាង រហូតមកដល់ពេលរកឃើញសពកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
ដោយឡែក ក្នុងនោះនៅពេលដែលរកឃើញសពភ្លាមៗ ខាងញាតិមិត្តបងប្អូន មិត្តភក្ដិ និងម្តាយបានព្យាយាមសុំក្ដីមេត្តាកុំឱ្យមានអ្នកយករូបភាពសាកសព ឬវីដេអូរបស់ Tangmo ពេលស្រង់សពចេញពីទឹកឡើងមកនោះ ទៅបង្ហោះនៅតាមបណ្តាញសង្គមឡើយ គឺដើម្បីជាការគោរពទៅដល់អ្នកស្លាប់។ ប៉ុន្តែនៅតែមានអ្នកឆ្លៀតយករូបភាព និងវីដេអូរបស់នាងទាំងនោះ ទៅចែកចាញពេញបណ្តាញសង្គមដដែល ដែលធ្វើឱ្យខាងគ្រួសាររបស់ Tangmo មានការស្លុតចិត្តជាខ្លាំង។
យ៉ាងណាមិញ ដោយសារតែហេតុនេះ ទើបនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ Anna ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់ Tangmo បានចេញមុខប្រកាសថា ខ្លួននឹងត្រៀមព្រលះប្តឹងអ្នកដែលយករូបភាពទាំងនោះទៅបង្ហោះ ដោយមិនឱ្យរួចខ្លួនឡើយ។
នាងបានបង្ហោះជាសារនៅតាមបណ្តាញសង្គម Facebook របស់ខ្លួនថា៖ «ស្អែកនេះ នឹងទៅចូលរួមកម្មវីធី ដើម្បីសុំជំនួយលត់អ្នកដែលបង្ហោះរូបសពរបស់ Tangmo នៅពេលដែលគេលើកចេញពីទឹក នៅពេលដែលអ្នកឯងហ៊ានផុស អ្នកឯងក៏ត្រូវហ៊ានទទួលខុសតាមផ្លូវច្បាប់ដែរ អ្នកណាដែលថតហើយផុស ត្រូវតែជួបក្តីជាឧទាហរណ៍ ហើយបើសិនជាមានអ្នកផ្សេងទៀតឃើញមានអ្នកផុសបែបនេះទៀត សូមជួយរាយការណ៍មកផង»៕