រំជួលចិត្ត! Aum ប្រកាសចេញមុខរៀបចំពិធីបុណ្យសពឱ្យបានល្អបំផុតជូន Tangmo
កាលពីកន្លងទៅនេះ មហាជនបានដឹងរួចមកហើយថា លោក A Supachai ដែលគេស្គាល់ជាអ្នកចាត់ចាស់ និង ជាមិត្តស៏សំខាន់ម្នាក់របស់តារាស្រី Tangmo នោះ បានប្រកាសអះអាងចេញមុខថានឹងរៀបចំពិធីបុណ្យសពជូន Tangmo ដល់ចប់ចុងចប់ដើម និង ការធ្វើពិធីបុណ្យទៀតសោត គឺធ្វើឱ្យល្អបំផុត។
យ៉ាងណាមិញ បន្ទាប់ពីលោក លោក A Supachai បានអះអាងចេញមុខដូច្នោះរួច មិនយូរប៉ុន្មានគេក៏បានដឹងទៀតថា កំពូលតារាស្រីទី ១ គឺនាង Aum Patcharapa ក៏បានអះអាងនឹងរួមគ្នាជាមួយលោក A Supachai ផងដែរ សម្រាប់ការចាត់ចែង និង រៀបចំពិធីបុណ្យសពឱ្យតារាស្រី Tangmo នោះ។
បើតាមរយៈនាង Mo Amena គេស្គាល់ថាជាមិត្តស្និទ្ធស្នាលជាមួយតារាស្រី Tangmo និង ជាមួយតារាស្រី Aum ដែរនោះ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន onebunterng ដែរថា នៅល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មានការប្រជុំក្រុមមិត្តពីផែនការរៀបចំពិធីបុណ្យសពរបស់តារាស្រី Tangmo ដោយក្នុងនោះនាងនិយាយថា តារាស្រី Aum Patcharapa និង លោក A Supachai គឺបានស្ម័គ្រចិត្តរៀបចំ និង ចេញមុខចំណាយគ្រប់យ៉ាងសម្រាប់ពិធីបុណ្យសពតារាស្រី Tangmo រហូតដល់ចប់កម្មវិធី។
គួរឱ្យដឹងដែរថា ពិធីបុណ្យសពរបស់តារាស្រី Tangmo គ្រោងនឹងរៀបចំតាមបែបគ្រឹស្តសាសនា នៅថ្ងៃទី ១១-១៣ ខែមីនាខាងមុខ នៅព្រះវិហារនៃសេចក្តីអំណរ Sukhumvit 36 ហើយនៅថ្ងៃទី ១៤ ខែមីនា សពរបស់តារាស្រី Tangmo នឹងត្រូវធ្វើពិធីបូជានៅកន្លែងបូជាសពតែមួយនឹងកន្លែងឪពុករបស់នាង៕