ឱក សុគន្ធកញ្ញា ផ្ដាំដៃគូចាស់ ខេមរៈ សិរីមន្ត រឿងមួយ ក្រោយទទួលគោរមងារជាឧកញ៉ា
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ខេមរៈ សិរីមន្ត បានប្រកាសដំណឹងដ៏គួរឱ្យត្រេកអរមួយនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយតារារូបនេះត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពូលតារាប្រុសរូបនេះ មានការភ្ញាក់ផ្អើលនាំគ្នាចូលរួមអបអរសាទរដល់លោកឧកញ៉ារូបនេះព្រាត ក្នុងនោះសូម្បីតែអ្នកសិល្បៈជាច្រើនក៏បានត្រេកអរជាមួយលោកដែរ ព្រោះនេះជាតារាចម្រៀងទី ១ ហើយដែលទទួលបានងារជាឧកញ៉ា។
ក្នុងចំណោមអ្នកសិល្បៈដែលបានសម្តែងក្តីរីករាយនោះ ក៏មានកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ផងដែរ ដោយកំពូលតារាចម្រៀងស្រីសម្បូរដោយប្រជាប្រិយភាពរូបនេះ បានចែករំលែកការផុសរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ព្រមទាំងសរសេរ Caption បង្ហោះនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងន័យអបអរសាទរដល់ដៃគូចាស់ដែលទទួលបានគោរពងារជា ឧកញ៉ា នេះ។
ក្រៅពីសាទរចំពោះភាពរុងរឿងរបស់ដៃគូចាស់ហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានផ្ដាំកំពូលតារាចម្រៀងប្រុសរូបនេះ ឱ្យនៅតែបន្តការងារសិល្បៈបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រដដែល។ ឱក សុគន្ធកញ្ញា រៀបរាប់ថា ៖ «ចូលរួមអបអរសាទរ លោកឧកញ៉ា ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត) សូមជូនពរឱ្យជួបតែសេចក្តីសុខ ប្រកបកិច្ចការងារអ្វីបានសម្រេចដូចសេចក្តីប្រាថ្នា និង នៅតែបន្តការងារសិល្បៈបម្រើជូនទស្សនិកជនគ្រប់ៗគ្នា»៕