មកដល់ភ្នំពេញបាត់! Angelina Jolie ដើរទិញអីវ៉ាន់ផ្សារទួលទំពូងយ៉ាងសាមញ្ញា គួរឱ្យស្រឡាញ់ណាស់
ថ្មីៗនេះ មហាជនខ្មែរអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានការចែករំលែករូបភាពរបស់កំពូលតារាភាពយន្តលំដាប់ពិភពលោក Angelina Jolie បានបង្ហាញវត្តមានយ៉ាងកម្រនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជាជាថ្មី។
ការបង្ហាញវត្តមានមកកម្ពុជាលើកនេះ របស់កំពូលតារាស្រី Angelina Jolie នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង។ ជាមួយដំណើរមកកាន់កម្ពុជា លើទឹកដីអង្គរនេះដែរ បើតាមទំព័រហ្វេសប៊ុកផេក អជ្ញាធរជាតិអប្សរា បានបង្ហាញឱ្យដឹងថា លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ គឺដើម្បីបង្កើត និង ចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និង សម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
ដោយឡែកស្រាប់តែនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ កំពូលតារាស្រី Angelina Jolie បានធ្វើឱ្យអ្នកនៅរាជធានីភ្នំពេញ ជាពិសេសអាជីវករ ក៏ដូចជាអ្នកដើរផ្សារទួលទំពូង មានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីតារាភាពយន្តដ៏ល្បីល្បាញរូបនេះ បានបង្ហាញវត្តមានដើរលេង និង ទិញវត្ថុអនុស្សាវរីយ៍នៅទីនោះ។ គ្រាន់តែអ្នកស្រី Angelina Jolie បង្ហាញខ្លួននៅផ្សារទួលទំពូង ក្នុងនោះគេក៏ឃើញមានអ្នកគាំទ្រកម្ពុជាជាច្រើនសុំអ្នកស្រីថតរូបជាមួយ និង បាននាំគ្នាបង្ហោះរូបថតព្រោងព្រាតពេញបណ្ដាញសង្គមដោយសេចក្ដីរំភើបចិត្ត៕
រូបភាព៖ ហ្វេសប៊ុក