នាយ ចឺម ទម្លាយពាក្យក្នុងចិត្តទៅកាន់គូស្នេហ៍លើកនេះ កាន់តែផ្អែម និងមានសុភមង្គលណាស់
បើនិយាយពីចំណងស្នេហ៍ថ្មីរបស់ តារាចម្រៀង នាយចឺម និង សង្សារបណ្ដូលចិត្តអ្នកមេម៉ាយកូនមួយ សេង សុឃីម ធ្វើឱ្យអ្នកណាក៏មានចិត្តលួចច្រណែន ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើង ដោយទៅណាមកណាមួយជំហាន ឃើញពួកគេទាំងពីរបណ្ដើរគ្នាទៅយ៉ាងត្រសងប្រៀបដូចជាលលកញីឈ្មោល។
ម៉្យាងវិញទៀត ចំណងស្នេហ៍ថ្មីរបស់តារាចម្រៀងប្រុសរូបនេះ បើចាប់អារម្មណ៍ចំពោះគូស្នេហ៍សំណប់ចិត្តរបស់លោក ហាក់លង់ស្នេហ៍លោកខ្លាំងមិនធម្មតានោះទេ ដោយឃើញថា នាយចឺម ទៅណាមកណាតែងឃើញវត្តមានអ្នកនាង តាមស្អិត តាមមើលថែ និងផ្ដល់ជាកម្លាំងចិត្តគ្រប់កន្លែង។
ដោយឡែកថ្មីៗនេះ ចំពោះទង្វើ និងក្ដីស្រឡាញ់របស់គូស្នេហ៍ថ្មីបែបនេះហើយ ក៏បានឃើញ នាយ ចឺម បង្ហោះសារទម្លាយពាក្យក្នុងចិត្តចំពោះគូស្នេហ៍របស់ លោក ដោយពោលពាក្យអរគុណពេញដោយក្ដីស្រឡាញ់ទៅកាន់នាង ដែលតែងនៅក្បែរមើលថែ និងជួយជំរុញលើកទឹកចិត្តពីក្រោយខ្នងរបស់លោកគ្រប់ពេល។
សារនោះ នាយចឺម បានសរសេររៀបរាប់ថា ៖ «អ្នកនឹងវង្វេងក្នុងជីវិត នៅពេលដែលអ្នកចំណាយពេលវេលាច្រណែនអ្នកដទៃ ដោយមិនព្យាយាមធ្វើឱ្យខ្លួនឯងល្អទ្បើង អរគុណមនុស្សស្រីម្នាក់នេះ តែងនៅជំរុញពីក្រោយខ្នងខ្ញុំជានិច្ច Seng Sokhim»។
ឃើញបែបនេះហើយ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម សម្ដែងនូវចិត្តរំភើបចំពោះចំណងស្នេហ៍របស់នាយចឺម និងគូស្នេហ៍រូបស្រស់នេះ ខ្លាំង ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នា និងមានសុភមង្គលថែមទៀតផង៕