រំភើបជំនួសអ្នកបាត់ដំបង! Angelina Jolie បានទៅដល់ខេត្តបាត់ដំបងហើយ ជាមួយវត្តមានកូនម្នាក់នេះ
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការចែករំលែករូបភាពរបស់កំពូលតារាលំដាប់ពីភពលោក Angelina Jolie បានបង្ហាញវត្តមានយ៉ាងកម្រនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជាជាថ្មី។
បើតាមទំព័រហ្វេសប៊ុកផេកមួយមានឈ្មោះ អ្នកខេត្តសៀមរាប បានបង្ហាញយ៉ាងច្បាស់ថា កំពូលតារាស្រីលំដាប់ពិភពលោក Angelina Jolie បានមកកម្ពុជា ក្នុងទឹកដីខេត្តសៀមរាប ដោយសរសេរ Caption ថា ៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប»។
ការបង្ហាញវត្តមានមកកម្ពុជាលើកនេះ របស់កំពូលតារាស្រី Angelina Jolie នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង។ ជាមួយដំណើរមកកាន់កម្ពុជា លើទឹកដីអង្គរនេះដែរ បើតាមទំព័រហ្វេសប៊ុកផេក អជ្ញាធរជាតិអប្សរា បានបង្ហាញឱ្យដឹងថា លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ គឺដើម្បីបង្កើត និង ចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និង សម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បើតាមការឱ្យដឹង គឺកំពូលតារាស្រី Angelina Jolie បានធ្វើដំណើរចេញពីទឹកដីអង្គរមកដល់ខេត្តបាត់ដំបងហើយ ដោយនៅក្នុងនោះគេសង្កេតឃើញមានវត្តមានកូនស្រីទី ៤ របស់លោកស្រីមានឈ្មោះ Shiloh Jolie Pitt មកជាមួយផងដែរ។ ក្នុងដំណើរមកដល់ខេត្តបាត់ដំបងនេះដែរ ក៏បានធ្វើមហាជនមានការរំភើបចិត្ត និង សប្បាយរីករាយយ៉ាងខ្លាំង ដោយក្នុងនោះគេបានឃើញលោកស្រី និង កូនបង្ហាញខ្លួនក្នុងផ្សារទំនើបមួយកន្លែង កំពុងទិញអីវ៉ាន់មួយចំនួន៕
ប្រភព ៖ អជ្ញាធរជាតិអប្សរា