ទៅការគេម្ដង Gong Yoo និង Lee Dong Wook លេងមួយក្បាច់នេះរួមគ្នា ហ្វេនចង់ដាច់ផ្ញារ
នៅពេលតារាល្បីចូលរួមពិធីមង្គលការម្ដងៗ គឺតែងតែមានរឿងគួរឱ្យចាប់អារម្មណ៍ច្រើន ព្រោះថាអ្នកគាំទ្រគ្រប់គ្នាមិនអាចដឹងមុនបានទេ នឹងមានរឿងនឹកស្មានមិនដល់អ្វីខ្លះ។ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេត បានជីកកកាយ រកឃើញដៃគូសម្ដែងប្រុស លោក Lee Dong Wook និង Gong Yoo បានចូលរួមពិធីមង្គលការរបស់គ្រូបង្ហាត់កាយសម្បទា ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងតារាទាំងពីរ។
តាមពិតទៅដូចដែលអ្នកគាំទ្របានដឹងហើយថា ពិធីមង្គលនេះបានធ្វើឡើងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែវាបានផ្ទុះកក្រើកឡើងវិញម្ដងទៀត ដោយសារតែភាពផ្អែមល្ហែមលើសពីការគិត និង មនោសញ្ចេតនាចាក់ជ្រៅរបស់តារាសម្តែងទាំងពីរ។
ព្រោះតែពួកគេមានភាពស្និទ្ធស្នាលនឹងគ្នា ទើបបានជាទៅពិធីរៀបការជាមួយគ្នា Lee Dong Wook និង Gong Yoo មិនខ្លាចបង្ហាញភាពស្និទ្ធស្នាលឡើយ បែរជានាំគ្នាធ្វើសញ្ញាបេះដូងដាក់បញ្ចូនគ្នាឡើងទំនង។ រីឯស្នាមញញឹមរបស់តារាទាំងពីរវិញ បើអ្នកគាំទ្របានឃើញអាចនឹងស្រមៃថាមិនខុសពីគូស្នេហ៍ថ្មីថ្មោងនៅលើឆាកនោះទេ ដែលធ្វើឱ្យហ្វេនៗសន្លប់ឈរចង់ដាច់ផ្ញារស្ទើរតែគ្រប់គ្នា។
អាចនិយាយបានថា Gong Yoo និង Lee Dong Wook មានភាពស្និទ្ធស្នាលគ្នាខ្លាំង បន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «Goblin»។ បើទោះជាការថតបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរ នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយតែងតែជួបគ្នាជាញឹកញាប់ និង បើកចំហទៅអ្នកគាំទ្ររបស់ពួកគេទៅវិញទៅមកទៀតផង៕