ស៊ិន យូប៊ីន ត្អូញ ១០ ឆ្នាំ ថតតែរូប Pre-Weeding មិនដឹងពេលណាបានថតរូបរៀបការមែនទែន
ក្នុងចំណោមគូស្នេហ៍សិល្បករវ័យក្មេង គូតារាសម្ដែង ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ដ៏ស័ក្ដិសមមួយគូ ដោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រតារាប្រុសស្រីមួយគូនេះ បន់ឱ្យតែពួកគេកាន់ដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធឆាប់ៗនោះទេ។
ជាការពិត បើទោះអ្នកគាំទ្រអន្ទះសារយ៉ាងណាពីថ្ងៃមង្គលរបស់តារាប្រុសស្រីទាំង ២ ហើយនោះ ស្រាប់តែថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វ៉ៃហាំង បានបង្ហោះរូប Pre-Wedding ជាមួយគ្នាម្តងទៀត ក្នុងសកម្មភាពការងារដូចដើម តែងាកទៅអ្នកគាំទ្ររបស់ពួកគេវិញ នាំគ្នាញញឹមញញែម ខ្លះក៏បញ្ចេញយោបល់ក្នុងន័យត្រេកអរក្រោយឃើញ Idol ក្នុងដួងចិត្តរបស់ពួកគេស្វីតសឹងតែមិនសល់ថ្ងៃ។
ដោយឡែកក្រោយពីរូបភាព Pre-Wedding នៃសកម្មភាពការងាររបស់តារាប្រុសស្រីវ័យក្មេងទាំង ២ បានផុសឡើងហើយនោះ ស្រាប់តែស្រីស្រស់ ស៊ិន យូប៊ីន បានបង្ហោះសារត្អូញត្អែរដែរថា ១០ ឆ្នាំ មកហើយថតតែ Pre-Wedding តែមិនដឹងពេលណាបានថតរូប Wedding ហ្នឹងគេ ដោយអត្ថន័យពេញលេញនាងបានរៀបរាប់ថា៖ «Almost 10 years with G-Rise Media តែនៅតែថតរូប pre-wedding ដដែល ពេលណាបានបានថត wedding day ម្តងហ្ន! 22-02-2022 ថ្ងៃគូ ខែគូ ឆ្នាំគូ អ៊ីចឹងហើយ caption drama បន្តិចហើយច៎ា»។ សារនោះ បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា តារាស្រីរូបនេះហាក់មានចិត្តចង់រៀបការពិតប្រាកដណាស់៕