ទម្លាយស្ថានភាពបច្ចុប្បន្នរបស់ប្អូនស្រី ប្រាសាទ ដាវីន ក្រោយជួបគ្រោះថ្នាក់កាល ៤ ខែមុន
បើរំឭកកាលពីថ្ងៃអំឡុង ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងដ៏រន្ធត់មួយពីអ្នកនាង ប្រាសាទ ដាវីន ឱ្យដឹងថាប្អូនស្រីបង្កើតរបស់អ្នកនាងដែលជាអតីត Top 10 MUC 2020 កញ្ញា ប្រាសាទ ដាវី បានជួបហេតុការណ៍អក្រក់គ្រោះថ្នាក់។
កាលនោះ ក្រោយជួបគ្រោះថ្នាក់ហើយ ប្រាសាទ ដាវី អតីត Top 10 Miss Universe Cambodia 2020 ស្ថិតនៅក្នុងបន្ទប់ ICU សន្លប់អស់រយៈពេលជាជិតកន្លះខែ ទម្រាំដឹងខ្លួនឡើងវិញក៏ព្រោះខួរក្បាលនាងប៉ះទង្គិចខ្លាំងរហូតមានកំណកឈាមក្នុងខួរក្បាល។
តែយ៉ាងណាក្រោយពីការយកចិត្តទុកដាក់ព្យាបាលពីគ្រូពេទ្យ និង ការមើលថែរបស់ក្រុមគ្រួសារ កញ្ញា ប្រាសាទ ដាវី ក៏បានដឹងខ្លួនឡើងវិញ និង បានចេញពីមន្ទីរពេទ្យនៅអំឡុងដើមខែ ធ្នូ ឆ្នាំ ២០២១ ក្រោយសម្រាកព្យាបាលជិត ១ ខែ។
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិត ៣ ខែ ហើយ ដែលអតីត Top 10 MUC 2020 កញ្ញា ប្រាសាទ ដាវី បានផ្អាកលើវិថីសិល្បៈ ដើម្បីមើលថែសុខភាពខ្លួនឯង ហើយការបាត់មុខរបស់កញ្ញាក៏បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ និង ចង់ដឹងពីសុខទុក្ខរបស់នាងយ៉ាងខ្លាំងដែរ។
ជាក់ស្តែង ថ្មីៗនេះបើយោងទៅតាមអ្វីដែលអ្នកម្ដាយរបស់តារស្រីរូបនេះបានបង្ហោះ ឃើញថា បច្ចប្បន្ន នាងកំពុងតែទៅជួបគ្រូពេទ្យតាមដានសុខភាពតាមការណាត់។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់ធូរស្រាលចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញសកម្មភាពបែបនេះ ក៏ព្រោះតែបានឃើញស្នាមញញឹមរបស់នាងជាថ្មី បើទោះជានាងមិនទាន់ស្បះស្បើយស្រួលបួល និង ត្រូវបន្តតាមដានសុខភាពក្តី។
ក្នុងនោះអ្នកម្តាយរបស់ប្រាសាទ ដាវី ក៏បានទម្លាយពីស្ថានភាពជំងឺរបស់នាងផងដែរថា៖ «មើលអ្នកជំងឺស្គាល់ទេ? ទើបមកពីជួបពេទ្យណាត់ក្នុង ១ ខែម្ដង កាន់តែប្រសើរម្ដងបន្តិចៗហើយ! សូមអគុណបងប្អូនអ៊ំពូមីងទាំងអស់ ក្នុងការជូនពរនិងលើកទឹកចិត្ត»៕