ខ្លាំងបាត់! Pinky បដិសេដមិនថតដល់ទៅ ៥ រឿង ព្រោះមិនចង់ឱ្យគេសាំមុខដដែលៗ
ក្នុងរង្វង់សិល្បៈថៃនរណាៗ ក៏សុទ្ធតែទទួលស្គាល់ថាតារាស្រី Pinky Savika គឺជាកំពូលតារាស្រីម្នាក់ដែលមានសមត្ថភាពខ្លាំងក្នុងការសម្ដែង។ មិនថាសម្ដែងក្នុងអត្តចរិតតួបែបណានោះទេតារាស្រីរូបនេះគឺធ្លាប់បានឆ្លងកាត់រួចទាំងអស់ រហូតនាំឱ្យមហាជនអួតសរសើរមិនដាច់ពីមាត់។
ជា Superstar មួយរូបក្នុងសិល្បៈថៃ តារាស្រី Pinky តែងតែរកអ្វីថ្មីៗ ជូនមហាជនសម្រាប់ទស្សនា ប្រសិនបើមិនមានអ្វីថ្មីសម្រាប់នាង នោះតារាស្រីរូបនេះនឹងមិនទទួលការងារឡើយ។ តួយ៉ាងកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ថ្លែងក្នុងកិច្ចសម្ភាសតាមរយៈសារព័ត៌កម្សាន្ត Nine Entertain តារាស្រី Pinky បានទម្លាយថា នាងបានបដិសេដការសម្ដែងរហូតទៅដល់ ៥ រឿងឯណោះ។
ជុំវិញមូលហេតុដែលនាង មិនព្រមទទួលក៏បណ្ដាលមកពីនាងមិនចង់ឱ្យមហាជន អ្នកគាំទ្ររបស់នាង សាំភ្នែកនូវការសម្ដែងដដែលៗរបស់នាង ជាពិសេសរឿងដែលនាងសម្ដែងគឺមិនត្រូវមានឈុតឆាកដោះស្រាតខោអាវ ថើប ជញ្ជក់ ប៉ឺតគ្រញីគ្រញក់ បែបរោលរាលទៀតឡើយ ព្រោះនាងមិនឱ្យមហាជនឃើញ និង ចងចាំនូវរូបភាពទាំងអស់នោះរបស់នាងឡើយ។
យ៉ាងណាមិញ ទោះបីនាងបានបដិសេដអស់ដល់ទៅ ៥ រឿងមែន ក៏ Pinky មិនខ្វះចំណូលដែរ ព្រោះនាងក៏ជាអ្នកជំនួញអនឡាញដែលអាចកើបបានលុយខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ។ ដោយឡែក បើងាកទៅមើលមហាជនវិញ ក៏សម្ដែងការកោតសរសើរនូវគំនិតរបស់នាងដែលបានលើកឡើងដូចគ្នា ព្រោះថាប្រសិនបើនាងលេង ដើរតួដដែលៗ នោះពួកគេច្បាស់ជាសាំភ្នែកមែន ហើយការគាំទ្រក៏ពុំសូវជាផ្ទុះខ្លាំងដូចគ្នា៕